ក្រុមជម្រើសជាតិថៃ មិនធ្លាប់បានឈ្នះ ម៉ាឡេស៊ី នៅ Bukit Jalil ហើយក្នុងជ្រុងមួយផ្សេងទៀត សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី ឱ្យដឹងថា សំបុត្រចូលទស្សនាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ AFF Cup 2022 រវាង ម៉ាឡេស៊ី និង ថៃ ត្រូវបានទិញអស់។
មួយថ្ងៃបន្ទាប់ពីការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង ឥណ្ឌូណេស៊ី និង វៀតណាម ដែលនឹងធ្វើឡើងនៅក្នុងប្រទេសមានកោះរាប់ម៉ឺន ការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង ម៉ាឡេស៊ី និង ថៃ ក៏នឹងធ្វើឡើងនៅ ម៉ាឡេស៊ី។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា ក្រុមបាល់ទាត់ជម្រើសជាតិថៃ មិនទាន់ដណ្ដើមបានភាពសប្បាយរីករាយម្ដងណាឡើយនៅលើវាលស្មៅ Bukit Jalil។ ជារួម ថៃ បានចាញ់ 3 ប្រកួត និងស្មើ 2 ប្រកួត នៅក្នុង 5 ប្រកួតដែល ថៃ ធ្វើជាភ្ញៀវនៅកីឡដ្ឋាន Bukit Jalil របស់ ម៉ាឡេស៊ី។
ខាងលើនេះគឺជាស្ថិតិដែលមិនល្អសម្រាប់ ក្រុមជម្រើសជាតិថៃ ហើយវាបង្ហាញថា ម៉ាឡេស៊ី ពិតជាឧបសគ្គធំសម្រាប់អ្នកការពារជើងឯកថៃ។
វីដេអូខាងលើគឺជាការប្រកួតជើងទី 2 នៃវគ្គផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2014 ដែល ម៉ាឡេស៊ី ឈ្នះ ថៃ 3-2។
មិនត្រឹមតែមានលទ្ធផលអវិជ្ជមាននៅពេលទាត់នៅ Bukit Jalil នោះទេ ប៉ុន្តែ ថៃ ក៏ត្រូវប្រឈមនឹងសម្ពាធពីទស្សនិកជននៅ ម៉ាឡេស៊ី ផងដែរ នៅពេលធ្វើជាភ្ញៀវនាថ្ងៃទី 07 មករាខាងមុខ។
យោងតាម សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី គណៈកម្មការបានដាក់លក់សំបុត្រចំនួន 59,000 សំបុត្រសម្រាប់ការប្រកួតខាងលើ ហើយក្នុងរយៈពេល 2 ថ្ងៃមុនការប្រកួត សំបុត្រទាំងនេះត្រូវបានលក់អស់គ្មានសល់។
កីឡដ្ឋាន Bukit Jalil អាចដាក់មនុស្សបានជាង 87 ពាន់នាក់ ប៉ុន្តែ ម៉ាឡេស៊ី លក់តែ 59,000 សំបុត្រប៉ុណ្ណោះ ព្រោះតែការសង់រោងប្រគំតន្ត្រីមួយនៅក្នុងកីឡដ្ឋាន ប៉ះពាល់ដល់ទស្សនិកជន។
ប្រធានគណៈប្រតិភូបាល់ទាត់ថៃ លោកស្រី Nualphan Lamsam យល់ថា សម្ពាធនៅពេលត្រូវធ្វើជាភ្ញៀវក្នុងកីឡដ្ឋានដែលមានមនុស្សច្រើនគឺពិតជាធំធេង។ «វានឹងជាការប្រកួតដ៏លំបាក» លោកស្រីថ្លែងដូច្នេះ និងបន្ត «ថៃ មិនធ្លាប់បានផ្ដួល ម៉ាឡេស៊ី នៅលើទីលាននេះ។ ដូច្នេះ យើងត្រូវតែត្រៀមឱ្យបានរួចរាល់ទាំងកម្លាំងកាយ ទាំងកម្លាំងស្មារតី»៕