លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពី «ការត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំលើកទី 3 របស់ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី» ដែលគ្រោងនឹងធ្វើឡើងនាពេលខាងមុខ។
ក្នុងអង្គប្រជុំនេះ ក្រុមមន្ត្រីបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងកំណត់ហេតុរួម ដែលគ្របដណ្ដប់លើវិស័យអាទិភាពដែលរួមមាន ៖ ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ហាឡាល សហគ្រាសធុនតូចនិងមធ្យម កសិកម្ម ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត ក្នុងបំណងជំរុញ និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី។
«កិច្ចប្រជុំលើកទី 3 របស់ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី» គ្រោងនឹងធ្វើឡើងនៅថ្ងៃទី 10-11 ខែមករា ឆ្នាំ 2023 នៅ រាជធានីភ្នំពេញ» នេះបើតាម ក្រសួងពាណិជ្ជកម្មកម្ពុជា។
យោងតាម ក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មកម្ពុជា-តួកគី សម្រេចបាន 462.63 លានដុល្លារអាមេរិក ក្នុងរយៈពេល 5 ឆ្នាំ (2017-2021) ខណៈដែល 11 ខែដំបូងនៃឆ្នាំ 2022 សម្រេចបានរហូតដល់ 136.149 លានដុល្លារអាមេរិក ពោលគឺកើន 63.6% ធៀបនឹង 11 ខែក្នុងឆ្នាំ 2021។ មុខទំនិញដែល កម្ពុជា នាំចេញទៅកាន់ តួកគី មានដូចជា ៖ សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ ។ល។ ចំណែកការនាំចូលទំនិញពី តួកគី វិញ មានដូចជា ៖ ម៉ាស៊ីន កប្បាស ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត៕