ក្រុមហែកឃើរ (Hacker) បានឱ្យដឹងថា លួចបានទិន្នន័យនៃគណនី Twitter ជាង 400 លាន និងបានបង្ហោះលើអ៊ីនធើរណិតអស់ពាក់កណ្ដាល។
យោងតាម Cybernews ទិន្នន័យរបស់អ្នកប្រើប្រាស់ចំនួន 235 លាននាក់នៅលើ Twitter ត្រូវបានបង្ហោះលើវេទិកាមួយដែលជំនាញក្នុងការទិញលក់ទិន្នន័យរបស់ហែកឃើរ។ ទិន្នន័យទាំងអស់នេះមានទំហំ 63 GB ដោយមានផ្ទុកឈ្មោះ អ៊ីមេល ចំនួនអ្នកតាមដាន និងថ្ងៃខែបង្កើតគណនីរបស់អ្នកប្រើប្រាស់។
Washington Post រកឃើញថា ទិន្នន័យនេះគឺជាផ្នែកមួយក្នុងចំណោម 400 លានគណនីដែល ហែកឃើរបានប្រកាសកាលពីថ្ងៃទី 23 ធ្នូ 2022 នៅលើវេទិកាទិញលក់ ប៉ុន្តែ ពេលនោះមានគណនីតែ 1,000 ប៉ុណ្ណោះដែលត្រូវបានផ្ដល់សិទ្ធិឱ្យចូលកាន់កាប់សាកល្បង។ នៅពេលបង្ហោះ ក្រុមចោរអ៊ីនធើណិតបានព្រមានថា Elon Musk គួរតែទិញទិន្នន័យទាំងនេះទៅវិញ មិនដូច្នេះទេនឹងត្រូវប្រឈមមុខនឹងការពិន័យពីអាជ្ញាធរ។
យោងតាមសាររបស់ហែកឃើរ Twitter អាចនឹងត្រូវបង់ប្រាក់ពិន័យ 276 លានដុល្លារអាម៉េរិក ទៅឱ្យ GDPR (General Data Protection Regulation គឺជាបទប្បញ្ញត្តិនៅក្នុងច្បាប់សហភាពអឺរ៉ុបស្តីពីការការពារទិន្នន័យ និងភាពឯកជននៅក្នុងសហភាពអឺរ៉ុប និងតំបន់សេដ្ឋកិច្ចអឺរ៉ុប) ដូចទៅនឹងករណី Facebook បើមិនទិញទិន្នន័យទាំងនេះ។
ទិន្នន័យដែលត្រូវបានលួចពី Twitter អាចត្រូវបានក្រុមជនខិលខូចយកទៅលក់ ឬប្រើប្រាស់ក្នុងសកម្មភាពទុច្ចរិត ក្នុងនោះ អ្នកនយោបាយ អ្នកមាន និងបុគ្គលល្បីឈ្មោះជាដើម អាចក្លាយជាជនរងគ្រោះ៕