កីឡាករបារាំង Kylian Mbappe ត្រូវបាន Lionel Messi យកឈ្នះដាច់យ៉ាងឆ្ងាយនៅក្នុងការបោះឆ្នោតជ្រើសរើសប្រចាំឆ្នាំដែលរៀបចំដោយសហព័ន្ធស្ថិតិ និងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិ (IFFHS)។
លទ្ធផលនៃការបោះឆ្នោតខាងលើដែលត្រូវបានប្រកាសកាលពីថ្ងៃទី 04 មករា 2023 បង្ហាញថា Messi នាំមុខគេក្នុងការបោះឆ្នោតជ្រើសរើសកីឡាករឆ្នើមជាងគេឆ្នាំ 2022 របស់ IFFHS ដោយទទួលបាន 275 ពិន្ទុ។ ឈរលំដាប់ទីពីរគឺ Kylian Mbappe ទទួលបាន 35 ពិន្ទុ។ ចំណែក Karim Benzema ទទួល 30 ទិន្ទុ ត្រូវជាប់លេខ 3 ខណៈ Luka Modric ជាប់លេខ 4 ដោយទទួលបាន 15 ពិន្ទុ និង Erling Haaland ទទួលបាន 5 ពិន្ទុ ត្រូវជាប់លេខ 5។
Ligue 1 គឺជាតំណែងរួមតែមួយគត់របស់ Mbappe ក្នុងឆ្នាំ 2022។ ក្រុមជម្រើសជាតិបារាំង របស់ Mbappe បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup 2022 ប៉ុន្តែបានចាញ់ អាហ្សង់ទីន 2-4 ក្នុងការប្រកួតទាត់បាល់ប៉េណាំងទី។ អំពីផ្នែកផ្ទាល់ខ្លួន ខ្សែប្រយុទ្ធវ័យ 23 ឆ្នាំរូបនេះ ដណ្ដើមបានស្បែកជើងមាសនៅ World Cup 2022 ដោយរកបាន 8 គ្រាប់ និងដណ្ដើមបានតំណែងស្ដេចកម្ទេចសំណាញ់ទី Ligue 1 ឆ្នាំ 2021-2022។
ចំណែកកីឡាករឆ្នើមជាងគេលើពិភពលោក Lionel Messi វិញ បានបញ្ចប់ឆ្នាំ 2022 ដោយការដណ្ដើមបានតំណែងចំនួន 3 រួមមាន World Cup, Intercontinental Super-cup និង Ligue 1។ នៅ World Cup 2022 ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ រកបាន 7 គ្រាប់ និងបង្កឱកាសផ្ទាល់ (Key pass) បាន 3 គ្រាប់។ Messi ដណ្ដើមបានតំណែងផ្ទាល់ខ្លួនចំនួន 2 ថែមទៀតគឺ កីឡាករឆ្នើមជាងគេបង្អស់ និងស្បែកជើងប្រាក់។
នៅក្លឹប PSG Messi ក៏មានឥទ្ធិពលខ្លាំង។ ក្នុងចំណោម 51 ប្រកួតដែលលេងឱ្យក្លឹប និងក្រុមជម្រើសជាតិ ឆ្នាំ 2022 កីឡាករវ័យ 35 ឆ្នាំរូបនេះ រួមចំណែកបាន 35 គ្រាប់ និងបង្កឱកាសផ្ទាល់បាន 30 គ្រាប់។ គិតជាមធ្យម ក្នុងរយៈពេល 69 នាទី Messi រួមចំណែករកបាន 1 គ្រាប់។
នេះគឺជាលើកទី 6 ហើយ ដែល IFFHS ប្រគល់ពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំ។ ក្នុង 2 លើកដំបូងនៅឆ្នាំ 1988 និង 1989 Marco Van Basten សុទ្ធតែជាប់ចំណាត់ថ្នាក់លេខ 1។ ចំណែកឆ្នាំ 1996 ពានរង្វាន់នេះបានទៅលើ Lothar Matthaus។ ដោយសារសំណើពី FIFA ពានរង្វាន់នេះមិនត្រូវបានប្រគល់រហូតដល់ឆ្នាំ 2020 តែត្រូវទុកតួនាទីនេះឱ្យពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ FIFA។ កីឡាករដែលដណ្ដើមបានពានរង្វាន់នេះក្នុង 2 ឆ្នាំកន្លងទៅ គឺ Robert Lewandowski៕