រោងចក្រផលិតកាបូប សម្លៀកបំពាក់ កម្រាលគ្រែ របស់ក្រុមហ៊ុន WINDARA INTERNATIONAL, YUE WING CHEONG MANUFACTORY និង XIN SHUN JIE (CAMBODIA) LEATHER ត្រូវបាន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ។
រោងចក្រទាំងនេះមានដូចខាងក្រោម ៖
ក្រុមហ៊ុន WINDARA INTERNATIONAL CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ C ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5.4 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 2,714 កន្លែង។
ក្រុមហ៊ុន YUE WING CHEONG MANUFACTORY CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5.4 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 738 កន្លែង។
ក្រុមហ៊ុន XIN SHUN JIE (CAMBODIA) LEATHER CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,133 កន្លែង។
រោងចក្រទាំង 3 ដែលមានទីតាំងនៅ ខេត្តកំពង់ស្ពឺ ខាងលើនេះ គ្រោងនឹងបណ្ដាក់ទុនវិនិយោគសរុប 16 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជិត 4,600 កន្លែង៕