ស្រីស្អាត Annabel Yao ដែលជាកូនស្រីរបស់ស្ថាបនិកនៃក្រុមហ៊ុនចិន Huawei លោក Ren Zhengfei សម្ដែងជាតួអង្គរងក្នុងខ្សែភាពយន្តរឿង Windy Place ដែលមានកំពូលតារាសម្ដែង Liu Yifei (Crystal Liu) សម្ដែងជាតួឯក។
នាង Annabel Yao វ័យ 25 ឆ្នាំ សម្ដែងជាតួអង្គម្ចាស់ហាងចាបហួយនៅក្នុងខ្សែភាពយន្តរឿង Windy Place (Meet Yourself) ដែលចាប់បញ្ចាំងតាំងពីថ្ងៃទី 03 មករា 2023។
នៅលើវេទិកាអនឡាញនានា អ្នកគាំទ្រជាច្រើនបានឱ្យដឹងថា ពួកគេភ្ញាក់ផ្អើលនៅពេលកូនស្រីរបស់ស្ថាបនិកនៃក្រុមហ៊ុនខ្នាតយក្ស Huawei សម្ដែងជាតួរង ព្រោះថា កន្លងមកនាងត្រូវបានគេឡង់សេខ្លាំងរាប់ចាប់តាំងពីពេលឈានជើងចូលក្នុងវិស័យកន្សាន្ត។ មុនពេលសម្ដែងក្នុងរឿងខាងលើ Annabel Yao បានសម្ដែងជាតួអង្គឯកក្នុងភាពយន្តខ្នាតខ្លី រឿង The Water Murmurs, 2022។
ខុសពីបណ្ដាគម្រោងថតភាពយន្តមុនៗ លើកនេះ Annabel Yao ទទួលបានការកោតសរសើរច្រើន ដោយសារតែនាងអាចបង្ហាញលក្ខណៈបែបធម្មជាតិ ស្លូតត្រង់ និងបែបអ្នកជនបទពិតៗ។ ក៏ប៉ុន្តែ នៅមានមតិរិះគន់ជាច្រើនផងដែរ ក្នុងនោះមានអ្នកខ្លះថា សម្រស់របស់នាងធម្មតាៗ បើសិនមិនមានខ្នងបង្អែកនៅពីក្រោយទេ នាងពិបាកនឹងបានសម្ដែងជាតួអង្គលេចធ្លោ។
នាង Annabel Yao គឺជាកូនស្រីពៅរបស់លោក Ren Zhengfei ស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ដូច្នេះ នាងក៏តែងត្រូវបានអ្នកយកព័ត៌មានចិនហៅថា «ព្រះនាងរបស់ Huawei» (Huawei ត្រូវបាន សហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្ម ដោយចោទថា ជាអ្នកបង្កការគំរាមកំហែងដល់សន្តិសុខជាតិប្រទេសនេះ)។ នាងបានចូលប្រលូកក្នុងវិស័យកម្សាន្តតាំងពីដើមឆ្នាំ 2021 ក្រោយពីបានរៀនចប់មហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រនៅ Harvard។ Annabel Yao ធ្លាប់បញ្ចេញ MV ចំនួន 2 ប៉ុន្តែ សុទ្ធតែត្រូវបានសហគមន៍អ្នកជំនាញ និងទស្សនិកជនវាយតម្លៃទាប៕