ទួរប៊ីនខ្យល់ V236 កម្លាំង 15 MW របស់ក្រុមហ៊ុន Vestas បានចាប់ផ្ដើមដំណើរការសាកល្បងនៅលើលំហសមុទ្ររបស់ ប្រទេសដាណឺម៉ាក។
គំរូរបស់ទួរប៊ីនផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ Vestas V236 ខាងលើត្រូវបានដំឡើងកាលពីពេលថ្មីៗនេះនៅក្នុងមជ្ឈមណ្ឌលពិសោធន៍ជាតិ Osterild នៅ Jutland ខាងលិច នៃប្រទេសដាណឺម៉ាក និងបានចាប់ផ្ដើមផលិតអគ្គិសនី kWh ដំបូង នេះបើតាម Interesting Engineering ចុះផ្សាយកាលពីម្សិលមិញ។ បច្ចុប្បន្ន នេះគឺជាទួរប៊ីនផលិតអគ្គិសនីដោយកម្លាំងខ្យល់ ខ្លាំងបំផុតលើពិភពលោក។
Vesta V236 មានកម្លាំង 15 MW និងទំហំផ្ទៃក្រឡាដែលកង្ហាររបស់វាវិលគឺជាង 43,740 ម៉ែត្រ។ Vesta V236 ដែលត្រូវបានបង្ហាញកាលពីខែកុម្ភៈ 2021 មាន rotor ដែលមានមុខកាត់ 236 ម៉ែត្រ និងកម្ពស់ 280 ម៉ែត្រ ខណៈដែលស្លាបកង្ហារនីមួយៗមានប្រវែងជាង 115 ម៉ែត្រ។
Vesta V236 មួយគ្រឿងអាចផលិតអគ្គិសនីបាន 80 GWh ជារៀងរាល់ឆ្នាំ គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់របស់គ្រួសារ 20,000 គ្រួនៅ អឺរ៉ុប និងអាចកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតបាន 38,000 តោន/ឆ្នាំ។
ទួរប៊ីនផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់របស់ Vestas នេះ កំពុងស្ថិតក្នុងដំណាក់កាលដំណើរការសាកល្បងបន្ថែម ក្នុងបំណងបញ្ជាក់ទៅលើបច្ចេកវិទ្យាដែលបំពាក់លើវា មុននឹងដាក់ពាក្យស្នើសុំអាជ្ញាបណ្ណដើម្បីផលិតទ្រង់ទ្រាយធំ៕