(ប្រទេសចិន)- ស្ត្រីម្នាក់ត្រូវឡើងតុលាការបន្ទាប់ពីបានលែងត្រីអណ្ដែងជាង 12 តោន ទៅក្នុងទឹកបឹង ទៅតាមជំនឿព្រះពុទ្ធសាសនា ដើម្បីជាការរំដោះគ្រោះ និងបួងសួងសុំសេចក្ដីសុខ។
SCMP កាលពីថ្ងៃទី 04 មករា បានចុះផ្សាយថា រដ្ឋអាជ្ញានៅខេត្ត Jiangsu ប្រទេសចិន អនុវត្តច្បាប់ចំពោះស្ត្រីម្នាក់ដែលមានត្រកូល Xu ព្រោះតែសកម្មភាពលែងត្រីអណ្ដែង 12.5 តោន ចូលក្នុងបឹង ធ្វើឱ្យកម្មករផ្នែកអនាម័យនៅមូលដ្ឋានចំណាយពេលរហូតដល់ 10 ថ្ងៃ នៅក្នុងការស្រង់ ប្រមូលត្រីពីបឹងវិញ។ រឿងក្ដីនេះកំពុងត្រូវបានបើកសវនាការនៅតុលាការក្រុង Changzhou។
រឿងហេតុដែលបានឡើងដល់តុលាការនេះគឺកើតឡើងបន្ទាប់ពី ស្ត្រីម្នាក់ត្រកូល Xu បានចំណាយប្រាក់ប្រហែល 13,000 ដុល្លារអាម៉េរិក ទិញត្រីអណ្ដែង 12.5 តោនពីអ្នកលក់ម្នាក់ដែលមានត្រកូល Liu ហើយយកទៅលែងដោយស្ងាត់ៗនៅក្នុងបឹងមួយក្នុងទីក្រុងកាលពីខែធ្នូ 2021។
ត្រីជាច្រើនដែលត្រូវបានលែងក្នុងបឹងនោះក៏បានងាប់ជាបន្តបន្ទាប់ ធ្វើឱ្យមានការភ្ញាក់ផ្អើល និងការចាប់អារម្មណ៍ពីបុគ្គលិក អាជ្ញាធរក្នុងតំបន់ និងធ្វើឱ្យពួកគេត្រូវចំណាយពេល 10 ថ្ងៃក្នុងការប្រមូលត្រីងាប់ពីក្នុងបឹង។
អ្នកស្រី Xu និងអ្នកលក់ត្រីត្រកូល Liu ត្រូវបានគេប្ដឹងកាលពីខែកញ្ញា 2022 និងត្រូវស្នើឱ្យសងការខាតបង់ជាង 90,000 យុន រួមនឹងប្រាក់ពិន័យមួយចំនួនទៀត។
ការលែងសត្វរំដោះគ្រោះគឺជាទំនៀមទម្លាប់ដែលមានតាំងពីយូរមកហើយ ប៉ុន្តែ បច្ចុប្បន្ន សត្វដែលត្រូវគេយកមកលែង មួយភាគធំគឺជាសត្វដែលត្រូវគេចាប់ពីធម្មជាតិ និងលក់ទៅឱ្យអ្នកមានតម្រូវការលែងក្នុងពិធីរំដោះគ្រោះ ក្នុងនោះក៏មានសត្វដែលអាចបង្កការគំរាមកំហែងដល់បរិស្ថាន និងជីវិតមនុស្ស មានជាអាទិ៍ សត្វក្រពើ ឬពស់វែកជាដើម៕