លើកចុងក្រោយបង្អស់ដែល ឥណ្ឌូណេស៊ី ត្រូវចាញ់វៀតណាម នៅ AFF Cup គឺនៅឆ្នាំ 1996 ដោយវៀតណាម បានឈ្នះ 3-2 ក្នុងការប្រកួតដណ្ដើមពានរង្វាន់លេខ 3។
នៅក្នុងការប្រកួតចាញ់ វៀតណាម 2-3 នៅ AFF Cup 1996 ដែលកាលណោះនៅប្រើឈ្មោះ Tiger Cup ក្រុមរបស់ ឥណ្ឌូណេស៊ី រកបាន 2 គ្រាប់ ខណៈ វៀតណាម ស៊ុតបញ្ចូលទីរបស់គូប្រកួតបាន 2 គ្រាប់ ចំណែកគ្រាប់ទី 3 ដែល វៀតណាម រកបាន គឺដោយសារកីឡាករឥណ្ឌូណេស៊ី ទាត់ចូលទីខ្លួនឯង។
ក្នុងរយៈពេល 26 ឆ្នាំក្រោយការប្រកួតខាងលើ ឥណ្ឌូណេស៊ី មិនធ្លាប់បានចាញ់វៀតណាមម្ដងណាទៀតឡើយនៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ជើងឯកនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ ក្នុងអំឡុងពេលនោះ ឥណ្ឌូណេស៊ី ធ្លាប់បានឈ្នះលើ វៀតណាម 3-2 ក្នុងឆ្នាំ 2000, ស្មើ 2-2 ក្នុងឆ្នាំ 2002, ឈ្នះ 3-0 នៅឆ្នាំ 2004, ស្មើ 1-1 នៅឆ្នាំ 2007, ស្មើ 2-2 នៅឆ្នាំ 2014, ឈ្នះ 2-1 និងស្មើ 2-2 នៅឆ្នាំ 2016 ហើយស្មើ 0-0 ក្នុងឆ្នាំ 2020។
លទ្ធផលខាងលើនេះកំពុងតែជួយឱ្យ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី មានទឹកចិត្តក្នុងការប្រឈមមុខនឹង វៀតណាម នៅជុំដំបូងដែលនឹងធ្វើឡើងនៅល្ងាចថ្ងៃទី 06 មករា 2023។ ជាសរុប ក្នុងប្រវត្តិសាស្ត្រ ឥណ្ឌូណេស៊ី និងវៀតណាម បានប៉ះគ្នាចំនួន 25 ប្រកួត ក្នុងនោះ ឥណ្ឌូណេស៊ី បានឈ្នះ 8 ប្រកួត, ស្មើ 10 ប្រកួត និងចាញ់ 7 ប្រកួត។
យោងតាម Bola ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី មានគូប្រកួតធំចំនួន 3 គឺ ថៃ វៀតណាម និង ម៉ាឡេស៊ី៕