(បារាំង)- Lionel Messi ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដីពីមិត្តរួមក្រុម នៅពេលត្រលប់ទៅកាន់ បារីស ដើម្បីហាត់សមជាមួយក្លឹប PSG ក្រោយរយៈពេល 2 សប្ដាហ៍ដែលបានសម្រាកបន្ទាប់ពី World Cup 2022 នៅ កាតា បានបញ្ចប់។
ព្រឹកថ្ងៃទី 04 មករា 2023 Messi បានទៅដល់ទីលានហ្វឹកហាត់ PSG។ នេះគឺជាលើកដំបូងហើយដែលគាត់បង្ហាញខ្លួននៅឯក្លឹប បន្ទាប់ពី អាហ្សង់ទីន ដណ្ដើមបានពានរង្វាន់ជើងឯក World Cup 2022។
លើកចុងក្រោយបង្អស់ដែល Messi លេងឱ្យក្លឹប PSG គឺនៅក្នុងការប្រកួតឈ្នះ Auxerre កាលពីថ្ងៃទី 13 វិច្ឆិកា 2022 នៅ Ligue I មុនពេលទៅចូលរួមប្រកួត និងជួយឱ្យ អាហ្សង់ទីន ក្លាយជាជើងឯក World Cup កាលពីខែធ្នូ 2022។
Messi ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមិត្តរួមក្រុមនៅក្លឹប PSG ក្នុងនោះមាន Neymar (មកពី ប្រេស៊ីល), Carlos Soler (មកពី អេស្ប៉ាញ), Nuno Mendes (មកពី ព័រទុយហ្កាល់) ជាដើម។ល។
បន្ទាប់ពីស្វាគមន៍គ្នានៅបន្ទប់ផ្លាស់សម្លៀកបំពាក់ Messi ក៏បានចេញមកទីលានហ្វឹកហាត់ ដោយមានការទទួលអបអររបស់សមាជិកក្លឹប PSG។ មិត្តរួមក្រុម បុគ្គលិករបស់ក្លឹប ឈរជាជួរ ទះដៃ អបអរសាទរប្រធានក្រុមរបស់ អាហ្សង់ទីន។
តំណាងគណៈកម្មការគ្រប់គ្រងក្លឹប PSG របស់ បារាំង ក្រោយមកក៏បានប្រគល់ពានអនុស្សាវរីយ៍ជើងឯក World Cup ដល់ Messi។
កំពូលតារាបាល់ទាត់អាហ្សង់ទីន បានយល់ព្រមពន្យារសុពលភាពនៃកិច្ចសន្យាមួយឆ្នាំទៀតជាមួយនឹង PSG និងត្រូវទាត់ឱ្យក្លឹបរហូតដល់ឆ្នាំ 2024។ តាមគម្រោង កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខាឆាប់ៗនេះ៕