(ប្រេស៊ីល)- មនុស្សប្រហែល 230,000 នាក់ បានមកគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា និងរាប់ម៉ឺននាក់មកកាន់ទីក្រុង Santos ជូនដំណើរសពស្ដេចបាល់ទាត់ Pele ជាលើកចុងក្រោយ។
ពិធីគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កាយជូនសពស្ដេចបាល់ទាត់ Pele ត្រូវបានធ្វើឡើងនៅលើទីលានបាល់ទាត់ Vila Belmiro ដែលជាទីលានប្រកួតរបស់ក្លឹប Santos នៅវេលាម៉ោង 10 ថ្ងៃទី 02 មករា ម៉ោងនៅ ប្រេស៊ីល។ ក្រុមគ្រួសារសពបានត្រៀមសម្រាប់កិច្ចការបន្ទាប់ចុងក្រោយជូនសពលោក Pele មុនពេលបិទក្ដារមឈូសបញ្ចុះសព។
ក្នុងរយៈពេល 24 ម៉ោង មនុស្សប្រហែល 230,000 នាក់ បានមកគោរពវិញ្ញាណក្ខន្ធលោក Pele។ មនុស្សម្នាតម្រង់ជួរប្រវែង 2 គីឡូម៉ែត្រ រង់ចាំចូលគោរពវិញ្ញាណក្ខន្ធ។ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងប្រធាន FIFA ក៏បានចូលរួមពិធីនេះដែរ។
ក្រោយពិធីខាងលើ សពរបស់លោក Pele ត្រូវបានដង្ហែចាកចេញពីទីលាន Vila Belmiro ហើយតម្កល់លើរថយន្តដើម្បីបន្តហែតាមដងផ្លូវនៅ Santos។
ទីឋានសម្រាកចុងក្រោយរបស់សពលោក Pele គឺជាអគារ 14 ជាន់ដែលមានបន្ទប់បញ្ចុះសពចំនួន 14,000 បន្ទប់។ សពលោក Pele ត្រូវបានបញ្ចុះនៅជាន់ទី 9 ជាទីដែលអាចមើលទៅកាន់ទីលានបាល់ទាត់ Vila Belmiro។
ស្ដេចបាល់ទាត់ Pele បានទទួលមរណភាពកាលពីថ្ងៃទី 29 ធ្នូ 2022 ក្នុងវ័យ 82 ឆ្នាំ ដោយសារជំងឺមហារីកពោះវៀន។ លោកធ្លាប់ស៊ុតបញ្ចូលទីបាន 1,279 គ្រាប់ ក្នុងនោះមានឯតទគ្គកម្ម 643 គ្រាប់សម្រាប់ក្លឹប Santos និងកំណត់ត្រា 77 គ្រាប់សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល។ លោក Pele បានជួយឱ្យ ប្រេស៊ីល ដណ្ដើមបានជើងឯក World Cup ចំនួន 3 លើក គឺនៅឆ្នាំ 1958, 1962 និង 1970៕