ខណៈដែលកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិលើកទី7 ជិតខិតចូលមកដល់ត្រូវបានគេមើលឃើញថា កម្មវិធីនេះនឹងផ្ដល់អត្ថប្រយោជន៍ និងឱកាសការងារយ៉ាងល្អសម្រាប់យុវជនកម្ពុជាដើម្បីបង្កើនប្រាក់ចំណូល។
ឯកឧត្ដម ហៃ ហ៊ុនឡេង ទីប្រឹក្សាក្រសួងការងារ និងជាអនុប្រធានទីភ្នាក់ងារជាតិ និងមុខរបរនៃក្រសួងការងារបានលើកឡើងថា វេទិកាពិព័រណ៍ការងារបង្កើតឡើង ដើម្បីផ្ដល់កន្លែងជួបជុំគ្នារវាងនិយោជក និងអ្នកផ្ដល់ការអប់រំបណ្ដុះបណ្ដាល និងអ្នកស្វែងរកការងារធ្វើ ក៏ដូចជាចែករំលែកព័ត៌មានទីផ្សារការងារ ពិសេសចូលរួមលើកកម្ពស់ការងារ និងផ្ដល់ឱកាសការងារយ៉ាងទូលំទូលាយដល់កម្លាំងពលកម្មទាំងមានជំនាញ និងឥតជំនាញឱ្យទទួលបានការងារកាន់តែប្រសើរ និងចំណេញពេលវេលា និងទទួលបានប្រាក់ចំណូលខ្ពស់។
ដើម្បីងាយស្រួលទទួលបានឱកាសការងារភ្លាមៗនេះ យុវជន ក៏ដូចជាអ្នកចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារនៅថ្ងៃទី27-28 តុលា ឆ្នាំ2017ខាងមុខ សូមភ្ជាប់មកនូវជាមួយប្រវត្ដិរូបរបស់ខ្លួនដើម្បីដាក់ស្នើសុំដោយផ្ទាល់ជាមួយនិយោជកដែលកំពុងតែត្រូវការកម្លាំងពលកម្ម នៅក្នុងកម្មវិធីពិព័រណ៍។ ក្នុងពិព័រណ៍ការងារឆ្នាំ2017នេះ មានឱកាសការងារប្រមាណ2ម៉ឺនមុខតំណែងដែលផ្ដល់ដោយក្រុមហ៊ុនធំៗជាង120 មកពីវិស័យសំខាន់ដូចជាធនាគារ មីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ បដិសណ្ឋារកិច្ច ទូរគមនាគមន៍ ការអប់រំ និងកាមន្ដសាលជាដើម។
ទីប្រឹក្សាក្រសួងការងារ និងជាអនុប្រធានទីភ្នាក់ងារជាតិបានបញ្ជាក់ថា វេទិកានេះក៏ជាការចូលរួមជំរុញយន្ដការការងាររាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ការងារផងដែរ។ ក្រៅពីផលប្រ យោជន៍ទាំងនេះហើយ ពិព័រណ៍ការងារបានកាត់បន្ថយគម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការក្នុងទីផ្សារការងារព្រមទាំងបង្កភាពស្រួលដល់យុវជនដែលត្រូវឈានចូលទៅក្នុងទីផ្សារងារដើម្បីបានការងារបន្ទាប់ពីបញ្ចប់ការសិក្សាទៀតផង៕