(ប្រទេសចិន)- រថភ្លើងក្រុងដំណើរការដោយអ៊ីដ្រូសែន និងបំភាយតែទឹកដំបូងគេនៅអាស៊ី ត្រូវបានបើកបរចេញពីរោងចក្រនៅទីក្រុង Chengdu ខេត្ត Sichuan កាលពីសប្ដាហ៍កន្លង។
រថភ្លើងដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនផ្លូវដែក Changchun Railway និងក្រុមហ៊ុនផ្លូវដែក Chengdu នេះ ប្រើប្រាស់បច្ចេកវិទ្យារបស់រថភ្លើងរាងគ្រាប់កាំភ្លើង Fuxing និងមានល្បឿន 160 គីឡូម៉ែត្រ/ម៉ោង ដោយប្រព័ន្ធថាមពលអ៊ីដ្រូសែន ដែលជាប្រភពផ្គត់ផ្គង់អគ្គិសនីកម្លាំងខ្លាំង និងមានស្ថិរភាពយូរអង្វែង អាចរត់បាន 600 គីឡូម៉ែត្រ ក្រោយការបញ្ចូលថាមពលមួយពេញ។
យោងតាមសារព័ត៌មានប្រចាំថ្ងៃរបស់ Chengdu រថភ្លើងនេះប្រើប្រាស់ថ្មផ្ទុកថាមពលអ៊ីដ្រូសែន និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មរហ័ស (Supercapacitor) ដើម្បីផ្គត់ផ្គង់ថាមពល។ ថាមពលនេះត្រូវបានបង្កើតឡើងដោយប្រតិកម្មអេឡិចត្រូគីមី (electrochemical reaction) របស់អ៊ីដ្រូសែន និងអុកស៊ីសែនក្នុងថ្មផ្ទុកថាមពល។ ប្រតិកម្មនេះបំភាយតែទឹក និងមិនមានអនុផលផ្សេងឡើយ ព្រមទាំងមានស្ថិរភាព និងមិនមានសំឡេងរំខានច្រើន។
រថភ្លើងដែលដំណើរការដោយអ៊ីដ្រូសែន ធ្វើដំណើរ 500 គីឡូម៉ែត្ររាល់ថ្ងៃក្នុងល្បឿន 160 គីឡូម៉ែត្រ/ម៉ោង អាចកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតជាង 10,000 គីឡូក្រាមក្នុងមួយឆ្នាំ នេះបើតាមក្រុមអ្នកអភិវឌ្ឍខាងលើ។
រថភ្លើងនេះក៏អាចត្រូវបានប្រើប្រាស់ទូលំទូលាយសម្រាប់ផ្លូវដែកក្នុងតំបន់ដែលមិនទាន់មានបណ្ដាញអគ្គិសនីផងដែរ។
ប្រទេសចិន មានមហិច្ឆតាក្នុងការអភិវឌ្ឍវិស័យថាមពលអ៊ីដ្រូសែន។ ដល់ឆ្នាំ 2025 ប្រទេសនេះគ្រោងនឹងមានមធ្យោបាយធ្វើដំណើរប្រហែល 50,000 គ្រឿងដែលប្រើប្រាស់ថ្មអ៊ីដ្រូសែន ហើយបរិមាណផលិតផលអ៊ីដ្រូសែនប្រចាំឆ្នាំដែលបានមកពីថាមពលកកើតឡើងវិញនឹងសម្រេចបានពី 100,000 ដល់ 200,000 តោន នេះបើតាមផែនការដែលត្រូវបានប្រកាសកាលពីខែមីនា 2022 ដោយគណៈកម្មការកំណែទម្រង់ អភិវឌ្ឍជាតិ និងរដ្ឋបាលថាមពលជាតិ របស់ ប្រទេសចិន៕