ភ្នំពេញ៖ ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសាប ក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីជំនាញនៅតាមបណ្តាខេត្តជាប់បឹងទន្លេសាបដើម្បីឱ្យមានសមត្ថភាពកាន់តែខ្លាំងឡើងក្នុងការគ្រប់គ្រងកាកសំណល់និងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់នេះ។
វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងទឹកកខ្វក់” នេះបានរៀបចំនៅក្នុងសណ្ឋាគារប៉ារ៉ាឌី ក្រុងសៀមរាប ខេត្តសៀមរាបដែលគោលបំណងសំខាន់នោះគឺ ដើម្បីពង្រឹងពង្រីកចំណេះដឹង និងសមត្ថភាពបន្ថែមដល់មន្ត្រីជំនាញនាយកដ្ឋាន មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ត្រីមន្ទីរបរិស្ថានខេត្ត និងមន្ត្រីសាលាក្រុងនៃខេត្តចំនួន4ដែលនៅជាប់នឹងបឹងទន្លេសាប គឺខេត្ត កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ និងពោធិ៍សាត់ ។
កម្មវិធីនៃវគ្គបណ្តុះបណ្តាលរួមមាន ការគ្រប់គ្រងសំណល់ភក់ យន្តការនៃការបង្កើតអង្គភាពលូទឹក និងស្ថានីយចម្រោះសម្អាតទឹកសំណល់ ការកំណត់ថ្លៃសេវាចម្រោះទឹកសំណល់ ការសិក្សាគណនាប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ជាប្រភេទចម្រោះតាមបែបធម្មជាតិ Lagoon System ការចុះពិនិត្យទីតាំងស្ថានីយចម្រោះទឹកសំណល់ជាក់ស្តែង និងការចែករំលែកបទពិសោធគ្នាទៅវិញទៅមកតាមខេត្តនីមួយៗដែលខ្លួនគ្រប់គ្រងតាមរយៈការធ្វើបទបង្ហាញ បង្កើនចំណេះដឹង អនុវត្ត និងយុទ្ធនាការអប់រំផ្សេង។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅតាមដងទន្លេសាបបានជួបការលំបាកដោយសារកង្វះខាតទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់ ដោយពលរដ្ឋរស់នៅលើទឹកមួយចំនួនបានបោះចោលកាកសំណល់ផ្សេង និងបន្ទោបង់នៅលើទឹក ហើយប្រើប្រាស់ទឹកនោះវិញដដែល ដែលពួកគាត់គិតថា កាកសំណល់ដែលគាត់ទម្លាក់ចោលនោះហូរទៅតាមទឹកអស់ហើយ តែធាតុពិតគឺវាបានបង្កភាពកខ្វក់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៅវិញទេ៕