វិស័យអក្សរសិល្ប៍ខ្មែរ ធ្លាប់មានប្រវត្តិយូរលង់តាំងពីបុរាណកាល រហូតមកដល់ទសវត្សរ៍1970 និងបានងើបឡើងវិញបន្ទាប់ពីសម័យខ្មែរក្រហម។ បច្ចុប្បន្នស្នាដៃនិពន្ធ ឱកាស និងគុណតម្លៃរបស់អ្នកនិពន្ធ និងវិស័យបោះពុម្ពមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែវិស័យនេះទាមទារឱ្យមានការបន្តជ្រោមជ្រែង បង្កលទ្ធភាព និងឱកាសដល់អ្នកនិពន្ធ តាមរយៈពិព័រណ៍សៀវភៅ សិក្ខាសាលា សន្និសីទ និងមហោស្រពអក្សរសិល្ប៍ខ្មែរជាដើម។
ដោយមើលឃើញពីបញ្ហាទាំងអស់នេះ អ្នកនិពន្ធ សូ ភីណា រួមទាំងក្រុមស្ថាបនិកស្លាបប៉ាកកាខ្មែរ បានរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរឡើងដើម្បីរួមចំណែកលើកស្ទួយវិស័យអក្សរសិល្ប៍នៅកម្ពុជាតាមរយៈការបំផុសសកម្មភាពសាធារណជនឱ្យបានឃើញនូវស្នាដៃប្រកបដោយភាពច្នៃប្រឌិតរបស់អ្នកនិពន្ធកម្ពុជា។
កម្មវិធីនេះមានគោលបំណង បណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិ លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធខ្មែរនៅក្នុងសង្គមជាតិ និងជួយបង្កើនឱកាសដល់អ្នកនិពន្ធក្នុងការទំនាក់ទំនង និងទីផ្សារ។ ទស្សនវិស័យរបស់មហោស្រពអក្សរសិល្ប៍ខ្មែរគឺ ប្រជាជនកម្ពុជានឹងទទួលបាននូវអក្សរសិល្ប៍ខ្មែរល្អឯក និងលទ្ធភាពកាន់តែប្រសើរឡើងក្នុងការទទួលបានស្នាដៃនិងចំណេះដឹងអក្សរសិល្ប៍។ មហោស្រពនេះនឹងត្រូវបានរៀបចំឡើងលើកទី1នៅខេត្តសៀមរាប ដែលជាបណ្តុំវប្បធម៌ អរិយធម៌របស់ខ្មែរ។ កម្មវិធីនាឆ្នាំបន្ទាប់ នឹងរៀបចំឡើងទៅតាមបណ្តាខេត្តនានា ទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង។
មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី1នេះ រួមមានកម្មវិធីជាច្រើន ដូចជា វេទិកាពិភាក្សាអំពីបរិបទសំខាន់ៗ ការសម្ពោធសៀវភៅ សិក្ខាសាលានិពន្ធ និងការសម្តែងសិល្បៈកម្សាន្តផងដែរ៕