គ្រូបង្វឹករបស់ក្រុមជម្រើសជាតិថៃ Mano Polking និយាយថា ថៃប្រឹងប្រែងកាន់កាប់ពូល A គឺដើម្បីបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ AFF Cup 2022 នៅលើទីលានរបស់ខ្លួន ពោលគឺមិនមែនដើម្បីគេចពីក្រុមដែលខ្លាំងនោះឡើយ។
ក្រុមថៃ បានយកឈ្នះលើកម្ពុជា 3-1 នៅជុំចុងក្រោយនៃវគ្គសន្សំពិន្ទុកាលពីព្រលប់ថ្ងៃទី 02 មករា 2023 ហើយបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup 2022 ក្នុងនាមជាអ្នកនាំមុខគេនៅពូល A។ គូប្រកួតបន្ទាប់របស់កូនសិស្ស និងគ្រូបង្វឹកថៃ នឹងជាក្រុមលេខ 2 នៅពូល B។
ការប្រកួតនានានៅជុំចុងក្រោយរបស់ពូល B នឹងធ្វើឡើងនៅវេលាម៉ោង 19 និង 30 នាទី ថ្ងៃទី 03 មករានេះ។ វៀតណាម ដែលកំពុងនាំមុខគេដោយមាន 7 ពិន្ទុ នឹងទទួលក្រុមរបស់ មីយ៉ាន់ម៉ា (ក្រុមដែលត្រូវបានជម្រុះរួចហើយ)។ សិង្ហបុរី ឈរលំដាប់ទីពីរក៏មាន 7 ពិន្ទុ នឹងត្រូវប៉ះ ម៉ាឡេស៊ី ដែលមាន 6 ពិន្ទុ។
នៅក្រោយការប្រកួតឈ្នះកម្ពុជា 3-1 គ្រូបង្វឹក Polking របស់ ថៃ បានច្រានចោលមតិដែលថា ថៃ ព្យាយាមដណ្ដើមយកតំណែងកំពូលតារាងគឺដើម្បីជៀសវាងគូប្រកួតដែលមានកម្លាំងខ្លាំងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ លោក Polking អះអាងថា «គោលដៅរបស់យើងគឺបញ្ចប់វគ្គសន្សំពិន្ទុក្នុងនាមជាអ្នកនាំមុខដើម្បីបានលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅលើទឹកដីរបស់ខ្លួន។ ចំណែកការប៉ះនឹងក្រុមណានៅវគ្គផ្ដាច់ព្រ័ត្រ គឺដូចតែគ្នានោះដែរ»។
ថៃបច្ចុប្បន្នគឺជាអ្នកការពារតំណែងជើងឯក AFF Cup បន្ទាប់ពីដណ្ដើមបានកាលពីឆ្នាំ 2021 ពេលបានយកឈ្នះវៀតណាម 2-0 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដួលឥណ្ឌូណេស៊ី 6-2 នៅវគ្គផ្ដាច់ព្រ័ត្រ៕