ដោយមាន 6 ពិន្ទុស្មើគ្នា តើរវាង សិង្ហបុរី និង វៀតណាម ក្រុមមួយណាជាអ្នកដណ្ដើមបានសំបុត្រឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនគេមួយជុំ នៅ AFF Cup 2022 ក្នុងការប្រកួតនៅព្រលប់ថ្ងៃទី 30 ធ្នូនេះ?
គ្រូបង្វឹករបស់ក្រុមវៀតណាម Park Hang-seo ប្រមូលផ្ដុំកូនសិស្សខ្លាំងៗបំផុតបានគ្រប់ចំនួន ក្នុងនោះមានទាំងខ្សែបម្រើ Nguyen Quang Hai ដែលកំពុងលេងឱ្យក្លឹប Pau FC នៅ ប្រទេសបារាំង។ ចំណែក សិង្ហបុរី វិញ មិនអាចរក្សាបាននូវថាមពលដូចកាលពី AFF Cup 2020 ជារដូវកាលមួយដែលពួកគេបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយសារតែពេលនេះពួកគេបាត់បង់ខ្សែប្រយុទ្ធលេខមួយ Ikhsan Fandi និងខ្សែបម្រើ Adam Swandi ព្រោះតែរងរបួស។
ក្នុងគ្រាដែលក្រុមនានាបានឆ្លងកាត់ការប្រកួតដ៏លំបាក វៀតណាម បែរជាឡើងដល់កំពូលតារាងដោយងាយ ក្រោយឈ្នះម្ចាស់ផ្ទះឡាវ 6-0 និងឈ្នះភ្ញៀវម៉ាឡេស៊ី 3-0 បើទោះជាត្រូវលេងដោយខ្វះជើង។
បើសិនជារកបាន 3 ពិន្ទុទៀតនៅក្នុងការប្រកួតលើទឹកដីរបស់ សិង្ហបុរី នៅព្រលប់នេះ ក្រុមវៀតណាម នឹងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆាប់ជាងគេមួយជុំ។ ក្រោយការឈ្នះលើ សិង្ហបុរី នៅម៉ោង 19 និង 30 នាទីព្រលប់នេះ វៀតណាម ងាយស្រួលគិតគូរដល់ជុំចុងក្រោយនៅពូល B ដែលត្រូវប៉ះ មីយ៉ាន់ម៉ា នៅថ្ងៃទី 03 មករា 2023 ដើម្បីរើសគូប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយអាចអនុញ្ញាតឱ្យកីឡាករសំខាន់ៗមួយចំនួនសម្រាកយកកម្លាំង ឬសាកល្បងវិធីថ្មីសម្រាប់ការប្រកួតវគ្គជម្រុះផ្ទាល់។
សិង្ហបុរីមានជ័យជម្នះពីរលើក ប៉ុន្តែការលេងរបស់ពួកគេមិនទាន់ធ្វើឱ្យមានទំនុកចិត្តនៅឡើយ។ ពួកគេត្រូវទាត់រហូតដល់ការប្រកួតថែមម៉ោង ទើបរកបានគ្រាប់បាល់ទីពីរដើម្បីយកឈ្នះ ឡាវ ក្នុងជុំទីពីរ។ ក្នុងការប្រកួតជុំដំបូង កូនសិស្សរបស់ Takayuki Nishigaya ការពារតំបន់គ្រោះថ្នាក់មិនបានល្អ ធ្វើឱ្យ មីយ៉ាន់ម៉ា នាំមុខ 2 គ្រាប់ ហើយត្រូវខំប្រឹងខ្លាំងទើបបានឈ្នះ 3-2 នៅលើវាលស្មៅរបស់ខ្លួន។
ចំណុចដែល សិង្ហបុរី មានប្រៀបជាង វៀតណាម គឺបានលេងនៅលើវាយស្មៅសិប្បនិម្មិត។ ប៉ុន្តែ គ្រូបង្វឹករបស់ក្រុមវៀតណាម អះអាងថា ពួកគេមិនញញើតឡើយ ព្រោះកូនសិស្សរបស់គាត់ក៏ធ្លាប់ទទួលបានបទពិសោធន៍នៅលើវាលស្មៅប្រភេទនេះ។
ការប៉ះគ្នាកន្លងមក ក៏ធ្វើឱ្យ សង្ហបុរី មានអារម្មណ៍មិនសូវល្អ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង ក្រុមជម្រើសជាតិវៀតណាម សុទ្ធតែបានឈ្នះលើ ក្រុមសិង្ហបុរី។
ក៏ប៉ុន្តែ សិង្ហបុរី ទំនងជានឹងប្រើយុទ្ធសាស្ត្រការពារកម្រិតខ្ពស់ ដើម្បីធានាសុវត្ថិភាពសម្រាប់សំណាញ់ទីរបស់ពួកគេ មុនពេលរង់ចាំឱកាសវាយបកនៅពេល វៀតណាម បាត់បង់អំណត់ និងភ្លេចខ្លួន៕