ការនាំចេញរថយន្តអគ្គិសនីរបស់ចិន បានបង្កើតឯតទគ្គកម្មថ្មី ដោយកើនជាងទ្វេដងក្នុងខែវិច្ឆិកា ធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំកន្លង មួយផ្នែកគឺដោយសារអ្នកផលិតរថយន្តរបស់ អឺរ៉ុប ងាកមកផលិតនៅ ប្រទេសចិន។
ក្រុមអ្នកផលិតរថយន្តនៅ ប្រទេសចិន បាននាំចេញរថយន្តអគ្គិសីសរុបតម្លៃ 3.2 ពាន់លានដុល្លារអាម៉េរិក ក្នុងខែវិច្ឆិកា 2022 នេះបើតាមទិន្នន័យពីអគ្គនាយកពន្ធដារចិន។ បណ្ដាប្រទេសអឺរ៉ុប មានដូចជា អង់គ្លេស និង បែលហ្ស៊ិក ជាដើម គឺជាអ្នកនាំចូលរថយន្តអគ្គិសនីពី ប្រទេសចិន ច្រើនជាងគេ ដោយមានចំណែកជិត 70%។
ការនាំចេញរថយន្តអគ្គិសនីរួមចំណែកជាងពាក់កណ្ដាលនៅក្នុងចំណោមបរិមាណរថយន្តដែល ចិន បាននាំចេញក្នុង 2 ខែបន្តបន្ទាប់ ក្នុងនោះ ខែវិច្ឆិកា លក់បាន 6 ពាន់លានដុល្លារអាម៉េរិក។
តួលេខទាំងនេះត្រូវបានលើកឡើងក្នុងគ្រាដែលក្រុមអ្នកផលិតរថយន្តរបស់ អឺរ៉ុប មានដូចជា Volkswagen និង BMW ជាដើម បានកំណត់គោលដៅផលិតគ្រឿងបន្លាស់ និងរថយន្តនៅ ប្រទេសចិន ដោយសារតែលទ្ធភាពនៃការផលិតរថយន្តអគ្គិសនីនៅក្នុងស្រុកនៅមានកំណត់។
ក្រុមហ៊ុនចិន SAIC Motor ដែលជាអ្នកគ្រប់គ្រង MG Motors ក៏បានពង្រីកបណ្ដាញចែកចាយដើម្បីលក់រថយន្តអគ្គិសនីនៅ អឺរ៉ុប តាមរយៈការនាំចូលពី ប្រទេសចិន។
Tesla បាននាំចេញរថយន្តជាង 37,000 គ្រឿងពី ប្រទេសចិន ទៅកាន់ អឺរ៉ុប កាលពីខែកន្លង ក្រោយពីបាននាំចេញតែ 60 គ្រឿងនៅក្នុងខែមីនា និងមិនបាននាំចេញក្នុងខែមេសា នៅពេលក្រុមហ៊ុននេះផ្អាកការដំឡើង ដោយសារកូវីដ-19 នៅ សៀងហៃ៕