យុវជននាពេលបច្ចុប្បន្ន តែងតែនិយមធ្វើការងារស្ម័គ្រចិត្តដើម្បីស្វែងរកបទពិសោធការងារ រួមទាំងការស្វែងរកឱកាសដើម្បីអនុវត្តជាក់ស្តែងនូវទ្រឹស្តីដែលធ្លាប់បានរៀន ដែលអាចធ្វើឱ្យពួកគេទទួលបានការងារល្អធ្វើនៅថ្ងៃអនាគត តែទោះជាយ៉ាងនេះក្តីការងារស្ម័គ្រចិត្ត មិនសុទ្ធតែល្អទាំងស្រុងនោះទេ ប្រសិនបើពួកគេមិនចេះមើលកាលៈទេសៈ។
លោក តន់ រតនា អនុប្រធានក្រុមយុវជនដើម្បីយុវជនបានយល់ថា បញ្ហាខាត ឬចំណេញនៅក្នុងការងារស្ម័គ្រចិត្ត គឺអាស្រ័យទៅលើបុគ្គលផ្ទាល់ក្នុងការគ្រប់គ្រងពេលវេលាទៅតាមកាលៈទេសៈ ដើម្បីទាញយកប្រយោជន៍ពីការងារស្ម័គ្រចិត្ត។ ផលចំណេញដែលកើតចេញពីការងារស្ម័គ្រចិត្ត គឺអាចធ្វើឱ្យយុវជនមានសមត្ថភាពជំនាញកាន់តែច្បាស់លាស់ មានសេចក្តីក្លាហាន និងចេះបត់បែនខ្ពស់លើគ្រប់កិច្ចការងារដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងនៅចំពោះមុខ។
លោក តន់ រតនា បាននិយាយថា៖ “ក្រៅពីការអភិវឌ្ឍសមត្ថភាពផ្នែកខាងក្នុង អ្នកធ្វើការងារស្ម័គ្រចិត្តអាចមានឱកាសទទួលបានអាហារូបករណ៍ ឬវគ្គផ្លាស់ប្តូរការសិក្សា (Exchange) នៅបរទេសថែមទៀតផង ព្រោះពួកគេភាគច្រើនជាបុគ្គលមានភាពជាអ្នកដឹកនាំដែលស្ថានទូត និងបណ្តាអង្គការអន្តរជាតិនានាចាប់អារម្មណ៍។
លោក តន់ រតនា បានបង្ហាញផងដែរថា ការងារស្ម័គ្រចិត្តទាមទារឱ្យយុវជនមានការខិតខំប្រឹងប្រែង និងអត់ធ្មត់ខ្ពស់ទើបទទួលបានជោគជ័យ ព្រោះថា ការស្ម័គ្រចិត្តធ្វើការលើគម្រោងណាមួយពួកគេនឹងមិនទទួលបានប្រាក់កម្រៃនោះទេ ម្យ៉ាងវិញទៀតគាត់ត្រូវចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនមួយចំនួនថែមទៀតផង ដើម្បីដោះស្រាយបញ្ហាបន្ទាន់នៅក្នុងការងារបស់គាត់ ប្រសិនបើគាត់ខ្វះការព្យាយាម ហើយបោះបង់ការងារនោះចោលនៅកណ្តាលទី គាត់នឹងត្រូវខាតបង់គ្រប់យ៉ាង។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហម សុខនី ប្រធានសហស្ថាបនិកក្រុមជំហានយុវជនកម្ពុជា បានលើកឡើងថា ការធ្វើការងារស្ម័គ្រចិត្តមិនប្រាកដថាចំណេញទាំងស្រុងនោះទេ តែវាទាមទារឱ្យអ្នកចូលរួម ជាពិសេសយុវជនមានបំណងច្បាស់លាស់ រួមទាំងមានគំនិតអភិវឌ្ឍន៍ខ្លួនពិតប្រាកដ ដោយធ្វើការមិនមែនដើម្បីតែទៅសប្បាយ ឬថតរូបបង្អួតគ្នានោះទេ៕