(កំពត)- ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅឆ្នាំ 2022 នេះ មានរហូតដល់ 14,500 លានដុល្លារអាម៉េរិក កើនជាង19% ហើយសង្ឃឹមថា នឹងកើនឡើងថែមទៀត នេះបើតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពភាពផ្លូវជាតិលេខ 31 និង 33 នៅព្រឹកថ្ងៃទី 30 ធ្នូ 2022។
មូលហេតុដែលធ្វើឱ្យទំហំ ពាណិជ្ជកម្មកើនឡើងនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អះអាងថា ដោយសារ ប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជួយឱ្យកម្ពុជា អាចនាំចេញទំនិញទៅ ប្រទេសចិន បានច្រើនជាងមុន។
ក្នុងពិធីសម្ពោធបើកការដ្ឋានខាងលើ ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា «ឆ្នាំនេះទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានចំនួនរហូតដល់ 14,500 លានដុល្លារអាម៉េរិក មានកំណើនដល់ជាង 19% ហើយនៅពេលខាងមុខ ខ្ញុំសង្ឃឹមថា នឹងមានសមត្ថភាពនាំទំនិញទៅកាន់ទីផ្សារប្រទេសចិន កាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចិន ផ្តល់អាទិភាពខ្ពស់ អនុគ្រោះពន្ធរហូតដល់ 97.43%»។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន កាលពីឆ្នាំកន្លង បានឡើងដល់ជាង 11 ពាន់លានដុល្លារអាម៉េរិក ខណៈឆ្នាំនេះ គ្រោងនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានឡើងដល់ 15 ពាន់លានដុល្លារអាម៉េរិក៕