នៅថ្ងៃទី 30 ធ្នូ 2022 ស្អែកនេះ ផ្លូវជាតិលេខ 31 និងលេខ 33 នឹងត្រូវបានសម្ពោធបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព នេះបើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងនៅរសៀលថ្ងៃទី 29 ធ្នូ។
យោងតាមក្រសួង គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ 31 នេះ មានប្រវែងជាង 53 គីឡូម៉ែត្រ រាប់ពីផ្លូវបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ 3) រហូតដល់ផ្សារកំពង់ត្រាច (ចំណុចប្រសព្វផ្លូវជាតិលេខ 33) ដោយឆ្លងកាត់តាម ខេត្តតាកែវ និងខេត្តកំពត។
ចំណែកផ្លូវជាតិលេខ 33 ដែលមានប្រវែងជាង 52 គីឡូម៉ែត្រ រាប់ចាប់ពីផ្លូវជាតិលេខ 3 ត្រង់គីឡូម៉ែត្រលេខ 148+100 ស្ថិតក្នុង ខេត្តកំពត រហូតដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម)។
ផ្លូវជាតិលេខ 31 និងផ្លូវជាតិលេខ 33 នេះ ជាផ្លូវដ៏មានសារសំខាន់សម្រាប់វិស័យដឹកជញ្ជូន ទេសចរណ៍ កសិកម្ម ក៏ដូចជាសេដ្ឋកិច្ចក្នុងស្រុក និងអន្តរជាតិ។
ពិធីសម្ពោធបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពនៅថ្ងៃស្អែកនឹងត្រូវបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៕