ភ្នំពេញ៖ ដើម្បីផ្ទេរបច្ចេកវិទ្យាដល់គ្នាទៅវិញទៅមកឱ្យបានដើរទាន់គ្នា ក្រសួងសិប្បកម្មនិងឧស្សាហកម្មនៃប្រទេសកម្ពុជា និងក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ នៃប្រទេសម៉ាឡេស៊ីគ្រោងចុះអនុស្សរណៈយោគយល់គ្នា (MoU) មួយដើម្បីពង្រឹងបច្ចេកវិទ្យានៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។
ក្នុងជំនួបទ្វេភាគីរវាងឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មជាមួយឯកឧត្តម Datuk Seri Panglima Wilfred Madius Tangau រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍នៃប្រទេសម៉ាឡេស៊ី ភាគីទាំងពីរបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ លើកទី 73 នៅប្រទេសមីយ៉ាន់ម៉ាបានផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រវាងប្រទេសទាំងពីរឱ្យមានការរីក ចម្រើនក្នុងផលប្រយោជន៍ទៅវិញទៅមក។
គួរបញ្ជាក់ដែរថា ដើម្បីឱ្យកម្ពុជាមានការវិវឌ្ឍផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឱ្យដើរបានលឿនដូចប្រទេសក្នុងតំបន់ និងពិភពលោក កម្ពុជាត្រូវការកសាងសមត្ថភាពធនធានមនុស្ស ផ្នែកសិក្សាស្រាវជ្រាវ នវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទាំងទន់ និងរឹង ។ ក្នុងនោះ ការផ្ទេរបច្ចេកវិទ្យា ការវិនិយោគបច្ចេកវិទ្យា យន្តការគាំទ្រ ការលើកទឹកចិត្តដល់ការស្រាវជ្រាវ ការចែករំលែកបទពិសោធចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ពិព័រណ៍បច្ចេកវិទ្យា ការភ្ជាប់ទំនាក់ទំនងអ្នកវិទ្យាសាស្ត្រវ័យក្មេងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិជាបញ្ហាគន្លឹះមួយដែលត្រូវមានយន្តការគាំទ្រសមស្រប និងសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ។
ជាមួយគ្នានេះដែរ វិស័យសំខាន់ៗពាក់ព័ន្ធនឹងស្តង់ដារវាយតម្លៃទទួលស្គាល់ចំណីអាហារ កម្មសិទ្ធិបញ្ញា សួនឧស្សាហកម្ម មន្ទីរពិសោធ វិទ្យាស្ថានសិក្សាស្រាវជ្រាវ ថ្នាលបណ្តុះបច្ចេកវិទ្យា ធុរកិច្ច និងសហគ្រិនភាពជាកត្តាសំខាន់ដែលត្រូវពង្រឹងពង្រីក និងកសាងសមត្ថភាពឱ្យកាន់តែខ្លាំងឡើងថែមមួយកម្រិតទៀត៕