(ឥណ្ឌូណេស៊ី)- យោងតាមគ្រូបង្វឹក Shin Tae-yong ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី កំពុងមានវឌ្ឍនភាពល្អ ហើយអ្នកគាំទ្រអាចជឿជាក់បានថានឹងមានលទ្ធផលប្រសើរ នៅរសៀលថ្ងៃទី 29 ធ្នូនេះ នៅពេល ឥណ្ឌូណេស៊ី ត្រូវប៉ះ ថៃ នៅ AFF Cup 2022។
Shin Tae-yong ធ្លាប់ជួយឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដណ្ដើមបានជោគជ័យមួយចំនួននៅ World Cup 2018 ដូច្នេះ លោកក៏ត្រូវបានគេរំពឹងខ្ពស់នៅពេលដឹកនាំក្រុមឥណ្ឌូណេស៊ី។ ប៉ុន្តែ ក្រោម «បញ្ជាការ» របស់លោក Tae-yong ក្រុមឥណ្ឌូណេស៊ី មិនទាន់បង្កើតបានភាពអស្ចារ្យនៅឡើយ ពិសេសនៅក្នុងការប្រកួតច្រើនលើកជាមួយនឹង ថៃ។
ឥណ្ឌូណេស៊ី និង ថៃ ធ្លាប់រកបាន 2 គ្រាប់ស្មើគ្នានៅជុំទីពីរនៃវគ្គជម្រុះនៅ World Cup 2022, ឥណ្ឌូណេស៊ី ចាញ់ ថៃ 0-4 នៅពេលធ្វើជាម្ចាស់ផ្ទះ និង 2-2 នៅពេលធ្វើជាភ្ញៀវក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ AFF Cup 2020។ នៅពេលដឹកនាំក្រុម U23 របស់ ឥណ្ឌូណេស៊ី កូនសិស្ស និងគ្រូបង្វឹក Tae-yong ក៏បន្តចាញ់ U23 របស់ ថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games 2021 ផងដែរ។
ក៏ប៉ុន្តែ នៅមុនការប៉ះគ្នានៅជុំទីបួនក្នុងពូល A របស់ AFF Cup 2022 ដែលនឹងធ្វើឡើងនៅរសៀលនេះ គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Shin Tae-yong សន្យាថា នឹងផ្ដួលក្រុមជម្រើសជាតិថៃ៕