(ឥណ្ឌូណេស៊ី)- គ្រូបង្វឹក Mano Polking ចូលចិត្តភាពខ្លាំងក្លានៅកីឡដ្ឋាន Gelora Bung Karno និងមានជំនឿថា ក្រុមបាល់ទាត់ជម្រើសជាតិថៃ នឹងយកឈ្នះលើក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៅជុំទីបួនក្នុងពូល A របស់ AFF Cup 2022 ដែលនឹងធ្វើឡើងនៅម៉ោង 16 និង 30 នាទីថ្ងៃទី 29 ធ្នូនេះ។
Gelora Bung Karno ដែលអាចដាក់មនុស្សបាន 80,000 នាក់ ត្រូវបានចាត់ទុកថាជាកីឡដ្ឋានធំជាងគេមួយលើពិភពលោក។ ប៉ុន្តែ ក្រោយហេតុការណ៍ស្លាប់មនុស្សរាប់រយនាក់កាលពីខែតុលានៅទីលាន Kanjuruhan កីឡដ្ឋាន Bung Karno ក៏ត្រូវបានអនុញ្ញាតឱ្យទទួលទស្សនិកជនត្រឹមតែ 25,000 នាក់ប៉ុណ្ណោះ នៅក្នុងការប្រកួតជាមួយ កម្ពុជា និង 40,000 នាក់នៅពេលប៉ះនឹង ក្រុមថៃ នាពេលខាងមុខ។ យ៉ាងនេះក៏ដោយ ចំនួននេះក៏នៅតែជាចំណុចពឹងផ្អែកធំសម្រាប់ការលើកទឹកចិត្តរបស់ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី។
នៅពេលត្រូវបានសួរអំពីសម្ពាធផ្លូវចិត្តពីអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ គ្រូបង្វឹករបស់ ថៃ Mano Polking ក៏បានបង្ហាញភាពមិនយកចិត្តទុកដាក់។ «ពួកយើងចាត់ទុកថា នោះគឺជាការលើកទឹកចិត្តក្នុងការប្រកួត» លោក Mano ឆ្លើយតបដូច្នេះ និងបន្តថា «យើងមានកីឡាករដែលមានបទពិសោធន៍ច្រើនដូចជា Teerasil Dangda, Theerathon Bunmathan ឬ Sarach Yooyen។ ពួកគេធ្លាប់ឆ្លងកាត់ស្ថានការណ៍ប្រកួតបែបនេះជាច្រើនលើក ហើយពួកគេដឹងថាត្រូវជួយដល់មិត្តរួមក្រុមបែបណានៅក្នុងស្ថានការណ៍លំបាក»។
ក្រោយពីឆ្លងកាត់បាន 2 ប្រកួត និងដណ្ដើមបាន 6 ពិន្ទុដូចគ្នានៅ AFF Cup 2022 ក្រុមជម្រើសជាតិថៃ បច្ចុប្បន្នមាន គ្រាប់បាល់ចំណេញ +9 ច្រើនជាង 1 គ្រាប់ធៀបនឹង +8 របស់ ឥណ្ឌូណេស៊ី។ ក្រុមណាដែលបានឈ្នះនៅថ្ងៃនេះ (29 ធ្នូ) នឹងនាំមុខគេនៅពូល A ជាក់ជាមិនខាន។
នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFF Cup 2020 ក្រុមថៃ បានឈ្នះលើ ឥណ្ឌូណេស៊ី 4-0 ពេលធ្វើជាភ្ញៀវ និងស្មើគ្នា 2-2 ពេលធ្វើជាម្ចាស់ផ្ទះ មុនពេលឡើងទទួលពានរង្វាន់ជើងឯក។ ថ្វីបើដូច្នោះក៏ដោយ តែគ្រូបង្វឹក Polking នៅតែវាយតម្លៃខ្ពស់ទៅលើសមភាគី Shin Tae-yong គ្រូបង្វឹករបស់ ក្រុមឥណ្ឌូណេស៊ី ដែលធ្លាប់បានជួយឱ្យ កូរ៉េខាងត្បូង យកឈ្នះលើ អាល្លឺម៉ង់ ក្នុងវគ្គសន្សំពិន្ទុនៅ World Cup 2018។
នៅ AFF Cup 2022 គ្រូបង្វឹក Polking យល់ថា ក្រុមជម្រើសជាតិជើងខ្លាំងចំនួន 3 ដែលអាចប្រកួតប្រជែងជាមួយ ថៃ សម្រាប់តំណែងជើងឯក រួមមាន ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និង វៀតណាម៕