សាកលវិទ្យាល័យកាតា កន្លែងដែលក្រុមបាល់ទាត់ជម្រើសជាតិរបស់ អាហ្សង់ទីន «បោះទ័ព» នៅពេលចូលរួមប្រកួតនៅ World Cup 2022 បានប្រកាសថា បន្ទប់របស់កំពូលតារាបាល់ទាត់ Lionel Messi នឹងក្លាយជាសារមន្ទីរតូចមួយ។
កាលពីថ្ងៃទី 27 ធ្នូ 2022 សារព័ត៌មានកាតា QNA បង្ហោះនៅលើ Twitter ថា បន្ទាប់ដែល Messi ស្នាក់នៅ ពេលចូលរួម World Cup 2022 នឹងលែងបើកទ្វារទទួលភ្ញៀវស្នាក់នៅទៀតហើយ។ ប៉ុន្តែ បន្ទប់នេះនឹងត្រូវរក្សាគ្រប់យ៉ាងដែលកំពូលតារាបាល់ទាត់អាហ្សង់ទីន បន្សល់ទុក ឱ្យដូចទៅនឹងសារមន្ទីរតូចមួយ សម្រាប់ទទួលភ្ញៀវមកទស្សនា។
«…វានឹងជាភស្ដុតាងសម្រាប់បង្ហាញអំពីសមិទ្ធិផលធំធេងដែល Messi ដណ្ដើមបាននៅ World Cup 2022» Hitmi al Hitmi ប្រធានផ្នែកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈប្រចាំសាកលវិទ្យាល័យកាតា បានប្រាប់សារព័ត៌មាន Al Sharq ដូច្នេះ។
នៅពេលចូលរួមប្រកួតនៅ World Cup 2022 ក្រុមរបស់ អាហ្សង់ទីន មិនបានស្នាក់នៅឯសណ្ឋាគារដូចក្រុមដទៃឡើយ ប៉ុន្តែពួកគេជ្រើសយកអន្តេវាសិកដ្ឋានរបស់ សាកលវិទ្យាល័យកាតា ទៅវិញ។ ទ្រព្យសម្បត្តិរបស់សាកលវិទ្យាល័យនេះធ្លាប់ត្រូវបាន Liverpool ប្រើប្រាស់នៅពេលចូលរួមប្រកួតនៅ Club World Cup 2019 ដែលក្នុងនោះមានទីតាំងលំហមួយចំនួន មានបន្ទប់ហាត់ប្រាណ អាងហែលទឹក និងទីលានបាល់ទាត់មួយសម្រាប់ហ្វឹកហាត់។
មូលហេតុមួយទៀតដែលនាំឱ្យ ក្រុមអាហ្សង់ទីន សម្រេចចិត្ត «បោះទ័ព» នៅសាកលវិទ្យាល័យកាតា គឺដោយសារបរិវេណធំទូលាយរបស់អន្តេវាសិកដ្ឋាន ដែលជួយឱ្យកូនសិស្ស និងគ្រូបង្វឹក Lionel Scaloni អាចអាំងសាច់ជប់លៀងតាមប្រពៃណី។
នៅ World Cup 2022 Messi ស៊ុតបញ្ចូលទីបាន 7 គ្រាប់ ក្នុងនោះមាន 2 គ្រាប់នៅក្នុងការប្រកួតឈ្នះ បារាំង ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលរួមចំណែកជួយឱ្យ អាហ្សង់ទីន ក្លាយជាជើងឯក៕