(វៀតណាម)- កាតក្រហមចំនួន 2 និងកាត់លឿងចំនួន 6 ត្រូវបានអាជ្ញាកណ្ដាលជនជាតិជប៉ុន Ryuji Sato ហូតចេញ នៅក្នុងការប្រកួតដែល វៀតណាម បានឈ្នះ ម៉ាឡេស៊ី 3-0 នៅជុំទី 3 នៃវគ្គសន្សំពិន្ទុក្នុងពូល B របស់ AFF Cup 2022។
ក្នុងការប្រកួតកាលពីព្រលប់ម្សិលមិញ នៅនាទីទី 12 ខ្សែប្រយុទ្ធវៀតណាម Van Toan បានទទួលកាតលឿងព្រោះតែទាញផ្ដួលខ្សែប្រយុទ្ធរបស់ ម៉ាឡេស៊ី Darren Lok ដើម្បីទប់ទល់នឹងការវាយបក។
នេះគឺជាកាតពិន័យដំបូងក្នុងចំណោម 8 កាតដែលអាជ្ញាកណ្ដាលត្រូវហូតចេញពីហោប៉ៅ ដែលនេះគឺជាចំនួនច្រើនបំផុតនៅ AFF Cup 2022 គិតមកដល់បច្ចុប្បន្ន។ មុននោះ ការប្រកួតដ៏សាហាវរវាង មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី នៅជុំដំបូង ក៏ទទួលបានកាតលឿងចំនួន 8 ប៉ុន្តែ មិនមានកាត់ក្រហមនោះទេ។
4 នាទីក្រោយពី វៀតណាម រកបាន 1 គ្រាប់ដំបូង Van Toan ក៏ត្រូវទទួលកាតលឿងទីពីរ។ អាជ្ញាកណ្ដាល ហូតកាតក្រហម បណ្ដេញ Van Toan ចេញពីការប្រកួត នាំឱ្យ វៀតណាម ត្រូវទាត់ដោយខ្វះមនុស្សចាប់ពីនាទី ទី 32។ នេះគឺជាកាតក្រហមដំបូងក្នុងបទពិសោធន៍ទាត់ជាង 200 ប្រកួតរបស់កីឡាករវ័យ 26 រូបនេះ។
ក្នុងប៉ុន្មាននាទីចុងក្រោយនៃតង់ទីមួយ អាជ្ញាកណ្ដាលបានហូតកាតលឿងចំនួន 2 ទៀតសម្រាប់កីឡាកររបស់ ម៉ាឡេស៊ី។ ជាសរុប ក្នុងតង់ទីមួយ អាជ្ញាកណ្ដាល Sato បានហូតកាតចំនួន 5 ដងក្នុងនោះមានកាតលឿងចំនួន 2 និងកាតក្រហមចំនួន 1 សម្រាប់កីឡាករវៀតណាម Van Toan។
5 កាតពិន័យគឺជាចំនួននៅតិចនៅឡើយ ធៀបនឹងកំហុសរបស់កីឡាករទាំងពីរក្រុម។ កីឡាករវៀតណាម ត្រូវបានទាញពីក្រោយ ឬរុញពីមុខ ខណៈដែល កីឡាករម៉ាឡេស៊ី ត្រូវរងកែងដៃច្រើនលើក ប៉ុន្តែអាជ្ញាកណ្ដាលមិនបានឃើញ ឬមិនផ្លុំកញ្ចែពិន័យ។
ចុងតង់ទីមួយ Van Hau របស់ វៀតណាម ប្រើកែងដៃវាយចំមុខរបស់កីឡាករម៉ាឡេស៊ី ធ្វើឱ្យគូប្រកួតខឹង និងលេងខូចសងសឹក។ អាជ្ញាកណ្ដាល Sato គ្រាន់តែធ្វើការព្រមានប៉ុណ្ណោះ។ វគ្គសន្សំពិន្ទុ AFF Cup 2022 មិនមានវីដេអូជំនួយសម្រាប់អាជ្ញាកណ្តាល (VAR-Video Assistant Referee) ដូច្នេះ នាំឱ្យមានការសម្រេចជាច្រើនរបស់អាជ្ញាកណ្ដាល ត្រូវរងការរិះគន់។
តង់ទីពីរបន្តឡើងកម្ដៅ នៅពេលកាតលឿង 1 ទៀតត្រូវបានហូតសម្រាប់កីឡាករវៀតណាម ដោយសារតែ Van Hau នៅនាទីទី 60 បានច្រានផ្ដួលខ្សែការពារ Azam Azmi។ ពេលពួកគេដួល Azmi ក៏សងសឹកដោយការជាន់លើ Van Hau ធ្វើឱ្យអាជ្ញាកណ្ដាលត្រូវហូតកាតក្រហមបណ្ដេញ Azmi ចេញពីទីលាន។ វៀតណាម ទទួលបានបាល់ពិន័យ និងស៊ុតបញ្ចូលទីបានសម្រេច។ ម៉ាឡេស៊ី ត្រូវ វៀតណាម នាំមុខ 2-0។
នាទីទី 83 Hoang Duc ស៊ុតប៉ើងសំណាញ់របស់ ម៉ាឡេស៊ី ជួយឱ្យ វៀតណាម ឈ្នះការប្រកួត 3-0 ហើយក៏បាននាំមុខគេនៅពូល B៕