កាលពីល្ងាចថ្ងៃម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការចែកផ្លូវជាមួយគ្រូបង្វឹកនៃក្រុមជម្រើសជាតិរបស់ខ្លួនគឺលោក Leonardo Vitorino ខណៈដែលគ្រូបង្វឹករូបនេះក៏បានបញ្ជាក់ពីការចាកចេញរបស់លោកនៅលើបណ្តាញសង្គម Facebook របស់លោកផងដែរ។
មូលហេតុនៃការចែកផ្លូវនេះ ត្រូវបានគេដាក់ការសង្ស័យទៅលើភាពមិនជោគជ័យរបស់ក្រុមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់លោក ក្រោយពីគ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះបានចូលកាន់តំណែងបន្ទាប់ពីលោក Lee Tae Hoon កាលពីដើមឆ្នាំ2017មក។ លោក Vitrorino បានសរសេរនៅលើបណ្តាញសង្គម Facebook របស់លោកថា៖ «ខ្ញុំលែងជាគ្រូបង្វឹកបង្គោលនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទៀតហើយ។ សូមថ្លែងអំណរគុណដល់អ្នកគាំទ្រកម្ពុជាចំពោះពេលវេលាដ៏អស្ចារ្យនៅទីនេះ។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះមនុស្សទាំងអស់ដែលខ្ញុំមានឱកាសធ្វើការជាមួយនៅទីនេះ ដូចជាបុគ្គលិក មន្ត្រី កីឡាករ អ្នកចាត់ការទូទៅ និងគ្រូបង្វឹក។ សុំទោសចំពោះការមិនអាចផ្លាស់ប្តូរចំណុចមួយចំនួនឲ្យបាន»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំជូនពរឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជួបតែសំណាងល្អ និងអរគុណអ្នកចំពោះការផ្តល់ឱកាសក្នុងការដឹកនាំក្រុមជម្រើសជាតិនេះ។ ខ្ញុំនឹងមិនភ្លេចអ្នកគាំទ្ររបស់កម្ពុជាឡើយ»។
ក្រោមការដឹកនាំរបស់លោក ក្រុមជម្រើសជាតិបានទទួលលទ្ធផលដ៏គួរឲ្យកត់សម្គាល់តែមួយលើកគត់គឺការផ្តួលក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន 1-០ ក្នុងការប្រកួតជម្រុះ Asian Cup ហើយក្រៅពីនេះ ការប្រកួតភាគច្រើនរបស់លោកបានបញ្ចប់ក្នុងលទ្ធផលចាញ់៕