គ្រាដែលគ្រូបង្វឹក Park Hang-seo ជួយឱ្យក្រុមជម្រើសជាតិរបស់ វៀតណាម ដណ្ដើមបានកេរ្ដិ៍ឈ្មោះល្បីនៅ អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលច្រើនឆ្នាំកន្លង គ្រូបង្វឹក Kim Pan-gon ដែលមកពី កូរ៉េខាងត្បូង ដូចគ្នា ក៏បានជួយ ម៉ាឡេស៊ី មិនតិចនោះដែរ។
មិនត្រឹមតែជាការប្រកួតរបស់ក្រុមកីឡាករទាំងសងខាងនោះឡើយ ជុំចុងក្រោយរបស់ពូល B នៅ AFF Cup 2022 រវាង វៀតណាម និង ម៉ាឡេស៊ី នៅវេលាម៉ោង 19 និង 30 នាទី ព្រលប់ថ្ងៃទី 27 ធ្នូនេះក៏ត្រូវបានគេទន្ទឹងរង់ចាំផងដែរ ព្រោះតែជាការប្រកួតរវាងកូនសិស្សរបស់គ្រូបង្វឹកពីររូបដែលជា ជនជាតិកូរ៉េខាងត្បូង ដូចគ្នា។
គ្រូបង្វឹករបស់ក្រុមម៉ាឡេស៊ី លោក Kim Pan-gon ធ្លាប់ត្រូវបានគេសង្ស័យអំពីចំណេះដឹងទាក់ទងនឹងការបង្វឹក និងដឹកនាំការប្រកួត ដោយសារតែជា អតីតប្រធានផ្នែកបច្ចេកទេសរបស់ សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង មិនមែនដឹកនាំកីឡាករដោយផ្ទាល់។
ក៏ប៉ុន្តែ គ្រូបង្វឹកវ័យ 53 ឆ្នាំរូបនេះ កំពុងទទួលបានការគាំទ្រច្រើនឡើងៗ បន្ទាប់ពីឈ្នះ ហ្វ៊ីលីពីន ក្នុងការប្រកួតមិត្តភាពកាលពីខែមីនា 2022។ លោក Pan-gon ក៏បាននាំក្រុមជម្រើសជាតិម៉ាឡេស៊ី ឆ្លងផុតវគ្គជម្រុះនៅ ASIAN CUP 2023 ដោយបានឈ្នះ តួកម៉េនីស្ថាន និង បង់ក្លាដែស។ លោក Pan-gon និងកូនសិស្សក៏បានយកឈ្នះលើ ថៃ នៅ King’s Cup 2022 ផងដែរ។ ជ័យជម្នះទាំងនេះកំពុងជួយឱ្យ ក្រុមរបស់ ម៉ាឡេស៊ី មានសង្ឃឹមនៅ AFF Cup 2022។
ការប្រកួតជុំទីមួយនៃពូល B នៅ AFF Cup 2022 ម៉ាឡេស៊ី បានឈ្នះ ឡាវ 5-0 ហើយជុំទីពីរ ម៉ាឡេស៊ី ក៏បានឈ្នះលើ មីយ៉ាន់ម៉ា 1-0។
ចំណែកក្រុមជម្រើសជាតិវៀតណាម ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Park Hang-seo វិញ ក្រៅពីមានក្រុមកីឡាករដែលល្អ ពួកគេក៏មានសញ្ញាជឿជាក់សំខាន់ នោះគឺថា ក្រោមការដឹកនាំរបស់លោក Hang-seo ក្រុមវៀតណាម មិនធ្លាប់បានចាញ់ ម៉ាឡេស៊ី ម្ដងណាឡើយ។ ម្យ៉ាងទៀត ការប្រកួតនៅព្រលប់នេះក៏ត្រូវបានធ្វើឡើងនៅលើទឹកដីរបស់ វៀតណាម ផងដែរ៕