ជារថយន្តអគ្គិសនីផលិតនៅ វៀតណាម VinFast VF8 ទទួលបានការសាទរពីអ្នកប្រើប្រាស់ ប៉ុន្តែ មិនយូរប៉ុន្មាន ម៉ូដែលនេះជួបបញ្ហាជាច្រើនដែលបង្កការរំខានរបស់ម្ចាស់រថយន្ត។
បញ្ហាមួយចំនួនដែលកើតមាននៅលើ VinFast VF8 រួមមានដូចជា «កំពុងបើកបរក៏ស្រាប់តែម៉ូទ័រអគ្គិសនីឈប់ដើរ», «អំពូលភ្លើងផ្ដល់សញ្ញា និងអំពូលភ្លើងហ្វាបិទដោយឯកឯង» , «បញ្ហាផ្នែកទន់ (សហ្វវ៉ែរ)», «បញ្ហា ផ្ដល់សញ្ញាមិនត្រឹមត្រូវ» ជាដើម។ល។ ហើយកំហុសដែលជួបជាញឹកញាប់គឺ «បញ្ហាបញ្ចូលថាមពលអាគុយ 12V», «បញ្ហាប្រព័ន្ធ BEV»។ អ្នកប្រើប្រាស់ជាច្រើនក៏បានរាយការណ៍អំពីបញ្ហាទាំងនេះ។ អ្នកខ្លះនៅតែជួបបញ្ហាដដែល បើទោះបានធ្វើបច្ចុប្បន្នភាពផ្នែកទន់ថ្មី។
Youtuber Tom Peng គឺជាអ្នកចូលចិត្តក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ហើយ VinFast VF8 គឺជារថយន្តដែល Tom ជិះរាល់ថ្ងៃ ប៉ុន្តែ កំហុសខាងលើកើតមានកាន់តែញឹកញាប់ បង្កការរំខាន និងខាតពេលវេលាច្រើន។ ក្នុងវីដេអូនៅលើ Youtube លោក Tom Peng បានថតអំពីបញ្ហាទាំងឡាយដែលគាត់បានជួបប្រទះពេលប្រើប្រាស់រថយន្ត VinFast VF8។
ក្រោយពីវីដេអូត្រូវបានបង្ហោះលើបណ្ដាញសង្គម លោក Tom Peng នៅតែមិនទាន់ឱ្យដឹងថា កំហុសទាំងនេះត្រូវបានដោះស្រាយទាំងស្រុងហើយ ឬនៅ។
Tom Peng គឺជាអ្នកជំនួញដើមកំណើតអាស៊ី សញ្ជាតិកាណាដា។ បច្ចុប្បន្ន Tom Peng រកស៊ីនៅ វៀតណាម និងមានរថយន្តអគ្គិសនី VinFast 2 គ្រឿង គឺ VF E34 និង VF8។ ក្រៅពីនេះ លោក Tom Peng ក៏មានរថយន្តទំនើប និងរថយន្តប្រណិតផ្សេងទៀត ដូចជា Mercedes និង Bentley ផងដែរ។