មហាសេដ្ឋីស្ទើរតែទាំងអស់នៅលើពិភពលោក ក្នុងឆ្នាំនេះ សុទ្ធតែបាត់បង់ប្រាក់យ៉ាងច្រើន ប៉ុន្តែ នៅតែមាន 5 រូបនៅ ទ្វីបអាស៊ី ដែល «ខុសគេ» ដោយរកប្រាក់បន្ថែមបានជិត 100 ពាន់លានដុល្លារអាម៉េរិក។
2022 គឺជាឆ្នាំដែលប្រកបដោយការប្រែប្រួលសម្រាប់ក្រុមអ្នកមានកំពូលៗរបស់ពិភពលោក។ យោងតាម Forbes មហាសេដ្ឋីទាំងឡាយ បានបាត់បង់ប្រាក់ជាង 1.9 ទ្រីលានដុល្លារអាម៉េរិក ដែលភាគច្រើនដោយសារតម្លៃភាគហ៊ុនចុះថោក ខណៈដែលអតិផរណាកើនឡើងខ្ពស់ខ្លាំង និងកំណើនសេដ្ឋកិច្ចត្រលប់ជាយឺតទៅវិញ។
ក្នុងគ្រាដែលសេដ្ឋកិច្ចពិភពលោកមានឱនភាពរួម មហាសេដ្ឋកិច្ចមួយភាគតូចបែរជា «ដើរបញ្ច្រាសទិស»។ មហាសេដ្ឋី 5 រូបដែលមានទ្រព្យកើនឡើងសរុបជាង 93 ពាន់លានដុល្លារក្នុងឆ្នាំ 2022 សុទ្ធតែជាជនជាតិអាស៊ី។
អ្នកដែលនាំមុខគេនៅក្នុងបញ្ជីនេះគឺ មហាសេដ្ឋីឥណ្ឌា លោក Gautam Adani។ គាត់គឺជាប្រធានក្រុមហ៊ុន Adani ដែលរកស៊ីក្នុងពហុវិស័យ។ កាលពីខែកុម្ភៈ លោក Adani បានក្លាយជាអ្នកមានជាងគេនៅ អាស៊ី និងទី 10 លើពិភពលោក ដោយមានទ្រព្យសរុប 90.1 ពាន់លានដុល្លារអាម៉េរិក។ យោងតាម Forbes ថ្ងៃទី 09 ធ្នូ 2022 លោក Adani រកបានប្រាក់ 55 ពាន់លានដុល្លារថែមទៀត ធៀបនឹងដើមឆ្នាំ។
Low Tuck Kwong គឺជាមហាសេដ្ឋីដែលមានទ្រព្យកើនឡើងខ្ពស់លំដាប់ទីពីរ (16 ពាន់លានដុល្លារ) ក្នុងឆ្នាំនេះ។ ដោយសារទ្រព្យថ្មី មហាសេដ្ឋីជាពលរដ្ឋឥណ្ឌូណេស៊ី នេះ កំពុងមានទ្រព្យ 18.6 ពាន់លានដុល្លារអាម៉េរិក។ លោក Low ក៏ត្រូវបានចាត់ទុកថាជាស្ដេចរ៉ែធ្យូងថ្មនៅ ឥណ្ឌូណេស៊ី ផងដែរ។
Colin Zheng Huang (ជនជាតិចិន) ស្ថាបនិករបស់ផ្សារអនឡាញ Pinduoduo រកបានជាង 11 ពាន់លានដុល្លារបន្ថែមទៀតក្នុងឆ្នាំនេះ។ ភាគហ៊ុនរបស់ Pinduoduo ឡើងថ្លៃ 35% ចាប់ពីឆ្នាំដើម។ បច្ចុប្បន្ន Huang មានទ្រព្យ 31.6 ពាន់លានដុល្លារ។
ទ្រព្យរបស់ Wu Yiling (ជនជាតិចិន) ផ្សារភ្ជាប់ជាមួយនឹង Lianhua Qingwen ជារុក្ខជាតិឱសថបុរាណមួយប្រភេទជួយព្យាបាលកូវីដ-19 របស់ក្រុមហ៊ុន Shijianzhuang Yiling Pharmaceutical ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសចិន។ Wu គឺជាប្រធានក្រុមហ៊ុននេះ។ ឆ្នាំ 2022 លោក Wu រកបានប្រាក់ 4.1 ពាន់លានដុល្លារបន្ថែមទៀត បន្ទាប់ពីតម្លៃភាគហ៊ុន Shijiazhuang Yiling កើន 61%។
មហាសេដ្ឋីចុងក្រោយក្នុងបញ្ជី top 5 របស់ Forbes នេះ គឺអ្នកមានក្នុងវិស័យភេសជ្ជៈនៅ ឥណ្ឌា Ravi Jaipuria។ ឆ្នាំនេះ ប្រធានក្រុមហ៊ុន RJ Corp រកបាន 3.9 ពាន់លានដុល្លារបន្ថែមទៀត។ Varun Beverages គឺជាអ្នកវេចខ្ចប់ធំបំផុតរបស់ PepsiCo នៅលើពិភពលោក។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផ្សេងទៀតរបស់ Jaipuria គឺ Devyani International ក៏កើន 12%។ ក្រុមហ៊ុននេះកំពុងដំណើរការអាហារដ្ឋានមួយចំនួនដូចជា KFC, Pizza Hut និង Costa Coffee ជាដើម នៅ ឥណ្ឌា៕