ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានប្រកាសបើកការប្រកួតកីឡាទោចក្រយាន ដើម្បីជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ 2022 ដែលធ្វើឡើងនៅ ខេត្តសៀមរាប នាព្រឹកថ្ងៃទី 27 ធ្នូនេះ។
ក្នុងពិធីបើកការប្រកួតដែលមានការចូលរួមពីក្រុមមន្ត្រីរបស់ ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្តសៀមរាប ក៏ដូចជាតំណាងក្រុមហ៊ុនឯកជននានា ក្រុមកីឡាករ កីឡាការិនី និងភ្ញៀវជាតិ-អន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ បានណែនាំឱ្យកីឡាករ-កីឡាការិនីទាំងអស់ត្រូវឈរលើស្មារតីកីឡា ដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស។
ឯកឧត្តមប្រធានសហព័ន្ធ ក៏បានស្នើដល់មន្ត្រីគណៈកម្មការបច្ចេកទេសសហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រូវខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។
យោងតាម ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន នេះជាការប្រកួតប្រចាំឆ្នាំចុងក្រោយហើយ មុននឹងដល់ពេលដែល កម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី 32 ឆ្នាំ 2023។
ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ 2022 ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំ សម្រាប់ហ្វឹកហាត់បំប៉នសមត្ថភាព ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី 32 ឆ្នាំ 2023៕