ក្លឹប Man Utd និង Liverpool នឹងត្រូវបំបែកឯតទគ្គកម្មស្ដីពីតម្លៃនៃការដោះដូរ បើសិនជាចង់ទិញខ្សែបម្រើរបស់ អាហ្សង់ទីន Enzo Fernandez ពី Benfica។
យោងតាមសារព័ត៌មានអង់គ្លេស Sunsport ក្លឹប Benfica មិនមានចេតនាលក់ Fernandez ក្នុងតម្លៃ «ទាបជាង 1 សេន» ធៀបនឹងលក្ខខណ្ឌតម្លៃ 127 លានដុល្លារអាម៉េរិក។ ខ្សែបម្រើវ័យ 21 ឆ្នាំនេះ ទើបតែបានចូលរួមជាមួយក្លឹបរបស់ ព័រទុយហ្កាល់ កាលពីរដូវក្ដៅឆ្នាំនេះ ហើយកិច្ចសន្យានៅសល់រហូតដល់ឆ្នាំ 2027។
ដូច្នេះ Man Utd នឹងត្រូវបំបែកឯតទគ្គកម្មក្នុងការដោះដូររបស់ក្លឹប បើសិនចង់ទិញ Fernandez នៅខែមករា 2023។ ឯតទគ្គកម្មបច្ចុប្បន្នរបស់ Man Utd នៅតែជាករណីទិញដូរតម្លៃ 107 លានដុល្លារអាម៉េរិក ដែលបាននាំយកខ្សែបម្រើ Paul Pogba ត្រលប់ទៅកាន់ទីលាន Old Trafford កាលពីឆ្នាំ 2016។
ដូចគ្នានេះដែរ Liverpool ក៏ត្រូវបំបែកកំណត់ត្រា 102 លានដុល្លាររបស់ Darwin Nunez ពី Benfica នៅរដូវដោះដូរកីឡាករឆ្នាំ 2022 បើចង់ចុះកិច្ចសន្យាជាមួយ Fernandez នាពេលខាងមុខ។
ក្លឹប Newcastle ត្រូវបានគេជឿថា ជា «ចំណត» ថ្មីដែលមានសក្ដានុពលរបស់ Fernandez ប៉ុន្តែ គ្រូបង្វឹក Eddie Howe ទទួលស្គាល់ថា ថ្លៃដោះដូរកីឡាករនេះគឺខ្ពស់ណាស់។
ពី អេស្ប៉ាញ Real Madrid ក៏កំពុងស្រាវជ្រាវរកវិធីដើម្បីទិញ Fernandez ក្នុងករណីមិនអាចទិញ Jede Bellingham របស់ ក្រុមជម្រើសជាតិអង់គ្លេស។
Fernandez ទទួលបានការសាទរខ្លាំងនៅពេលបណ្ដើរបាល់ និងស៊ុតបាល់ហោះកោងខ្ពស់សំដៅទី ជួយឱ្យ អាហ្សង់ទីន ឈ្នះ ម៉ិកស៊ិក 2-0 ក្នុងការប្រកួតជុំទីពីរនៃវគ្គសន្សំពិន្ទុរបស់ World Cup 2022។ ក្រោយរកបាន 1 គ្រាប់នេះ Fernandez ក៏ក្លាយជាកីឡាករជម្រើសដំបូង ហើយត្រូវបានជ្រើសរើសជាកីឡាករវ័យក្មេងឆ្នើមបំផុតនៅ World Cup 2022។
Fernandez មានតម្លៃខ្លួនស្មើនឹងខ្សែបម្រើ Cristian Romero របស់ Tottenham ហើយក៏ជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេលំដាប់ទីពីរក្នុង ក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពី Lautaro Martinez៕