ភ្នំពេញ៖ ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចទេសចរណ៍សកលឆ្នាំ2017 រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា កម្ពុជាត្រូវមានមណ្ឌលទេសចរណ៍ធំៗដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន។
ក្នុងនាមជាវាគ្មិនកិត្តិយស ប្រតិភូក្រសួងទេសចរណ៍ដែលចូលរួមក្នុងវេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោកលើកទី6 នៅទីក្រុងម៉ាកាវ ប្រទេសចិន ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ជំរុញឱ្យមានការផ្តល់ឱកាសដើម្បីចែករំលែកពីអ្វីដែលកម្ពុជាបានធ្វើនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់អាស៊ានក្នុងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន។ ឯកឧត្តមបានថ្លែងថា នៅក្នុងបរិបទកម្ពុជា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរតាមច្រកទ្វារអន្តរជាតិ ដែលរួមមានសមាសភាពមកពីវិស័យពាក់ព័ន្ធ និងអនុវត្តយន្តការនេះដោយបានដោះស្រាយបញ្ហាប្រឈម ដូចជាការកាត់បន្ថយរបាំងមិនចាំបាច់នានានៅតាមច្រកទ្វារអន្តរជាតិ ពិសេសកម្ពុជាបានអនុវត្តគោលនយោបាយផ្តល់ទិដ្ឋាការនាពេលមកដល់ (Visa on arrival)។
ឯកឧត្តមបានលើកទស្សនទានធំៗពីរឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងទម្រង់ភាពជាដៃគូរដ្ឋ-ឯកជនបែបណាដែលកម្ពុជាបានអនុវត្តដើម្បីធានាលទ្ធផលយូរអង្វែងសម្រាប់ការអភិវឌ្ឍទេសចរណ៍។ ឯកឧត្តមថ្លែងថា កន្លងមកមានការជជែកគ្នាថា រវាង មេមាន់ និងពងមាន់ តើណាមួយកើតមុន? ជាចម្លើយក្នុងវិស័យទេសចរណ៍ គឺចាំបាច់ត្រូវបង្កើតឱ្យបានមេមាន់ជាមុន ពោលគឺទាល់តែមានផលិតផលទេសចរណ៍ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ កំពង់ផែ អាកាសយានដ្ឋាន មណ្ឌលកម្សាន្តទេសចរណ៍ធំៗ សណ្ឋាគារ ផ្សារលក់ទំនិញទំនើបៗ សួនកម្សាន្តធំៗ (Theme Park)-ល- ទើបអាចទាក់ទាញភ្ញៀវទេសចរបាន។
ដូច្នេះរដ្ឋត្រូវតែមានប្លង់មេ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ថ្មីស្របទៅតាមតម្រូវការទីផ្សារ (បច្ចេកវិទ្យា និងនវានុវត្តន៍) រៀបចំតំបន់អភិវឌ្ឍន៍ទេសចរណ៍ (Zoning and Master Plan)ឱ្យបានច្បាស់លាស់។
ទី2៖ បន្ទាប់មករដ្ឋាភិបាលត្រូវឱ្យគោលការណ៍ទៅផ្នែកឯកជនដើម្បីស្វែងរកដៃគូវិនិយោគ រកដៃគូអភិវឌ្ឍន៏ដ៏ពិតប្រាកដមួយដើម្បីបង្កើតផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងគិតគូរហ្មត់ចត់ដល់កិច្ចការពារបរិស្ថាន ដោយត្រូវធានាថា ការអភិវឌ្ឍនឹងប្រព្រឹត្តទៅប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា ក្នុងវេទិកានោះរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសអឺរ៉ុបខាងកើត អឺរ៉ុបកណ្តាលក៏បានស្នើសុំឱ្យកម្ពុជាជួយចែករំលែកក្នុងការរៀបចំផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរចិនផងដែរ ខណៈដែលប្រទេសទាំងនោះបានមើលឃើញពីកំណើនខ្ពស់នៃទេសចរចិនមកកម្ពុជាជាង40%កាលពីឆ្នាំ2016៕