ភាពត្រដាបត្រដួសរបស់ក្រុមទូកក្តោង Everton ក្នុងក្របខ័ណ្ឌ Europa League នៅតែមានបន្ត ខណៈដែលពួកគេបានរងបរាជ័យក្នុងលទ្ធផល 2-1 ក្នុងផ្ទះខ្លួនឯងក្រោមស្នាដៃក្រុម Olympique Lyonnais កាលពីថ្ងៃព្រហស្បតិ៍ និងនៅតែស្ថិតនៅបាតតារាងនៃពូលរបស់ពួកគេដដែល។ ស្របពេលជាមួយគ្នានេះ ក្រុម Arsenal បានផ្តួលក្រុម Red Star Belgrade ក្នុងលទ្ធផល 1-០ ក្រោយពីការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Olivier Giroud។
ក្រុម Everton ត្រូវការឈ្នះជាដាច់ខាតនៅពេលប្រកួតជាមួយនឹងក្រុម Lyon ក្រោយពីទទួលបានត្រឹមតែ1ពិន្ទុពីការប្រកួត2លើកដំបូងរបស់ពួកគេ ប៉ុន្តែ ពួកគេបានថ្លោះធ្លោយឲ្យមានគ្រាប់បាល់ចូលទីខ្លួនឯងភ្លាមៗ ក្រោយពីលេងបាន6នាទី តាមរយៈការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Nabil Fekir។
ខ្សែការពារ Ashley Williams បានតែតបាល់បញ្ចូលទីដើម្បីជួយឲ្យក្រុមរបស់ខ្លួនតាមស្មើវិញនៅនាទីទី69 មុនពេលខ្សែប្រយុទ្ធ Bertrand Traore បានជួយឲ្យក្រុម Lyon ដណ្តើមបានការនាំមុខ និងឈ្នះក្នុងការប្រកួតនេះតែម្ដង។ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការផ្ទុះជម្លោះរវាងកីឡាករនៃក្រុមទាំងពីរ។ Williams ដែលជាប្រធានក្រុម Everton បានរុញអ្នកចាំទី Anthony Lopes របស់ Lyon ដែលបានបង្កើតឲ្យមានការប៉ះទង្គិចគ្នារវាងកីឡាករនៅមុខអ្នកគាំទ្រ។ ស្របពេលដែលក្រុមកីឡាករទាំងអស់បានព្យាយាមរត់ទៅជួយសម្រាលស្ថានការណ៍ផ្សេងៗនោះ អ្នកគាំទ្រម្នាក់ដែលកំពុងតែកាន់កូនរបស់ខ្លួននៅក្នុងដៃបានព្យាយាមដាល់ទៅលើអ្នកចាំទីរូបនោះ។ ក្រោយមក លោក Koeman បានបញ្ជាក់ថា លោកអាជ្ញាកណ្តាលសញ្ជាតិហូឡង់ Bas Nijhuis ក៏អាចនឹងត្រូវស្តីបន្ទោសផងដែរសម្រាប់ការផ្ទុះជម្លោះនៅឯកីឡដ្ឋាន Goodison មួយនេះ។
គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ខ្ញុំបានប្រាប់មន្ត្រីប្រចាំការប្រកួតពីអ្វីដែលខ្ញុំបានគិតក្នុងពេលបញ្ចប់ការប្រកួតនេះ។ ខ្ញុំដឹងថា អាជ្ញាកណ្តាលមានសញ្ជាតិហូឡង់ ប៉ុន្តែ គាត់មិនអាចផ្តល់ការពិន័យចំពោះកីឡាករ Nabil Fekir ដែលបានធ្វើពុតជាដួលចំនួន10លើកនោះឡើយ»៕
ប្រភពពី៖ BBC