បន្ទាប់ពីតម្លៃផ្ទះនៅប្រទេសសិង្ហបុរីបានធ្លាក់ចុះមួយរយៈរួចមក ក្រុមអ្នកវិភាគបានព្យាកណ៍ថា តម្លៃផ្ទះនៅទីនោះនឹងងើបឡើងវិញ បើទោះបីជាវិធានការទប់ស្កាត់របស់រដ្ឋាភិបាលនៅតែបន្តអនុវត្តក៏ដោយ។
លោក Vikrant Pandey អ្នកវិភាគផ្នែកអចលនទ្រព្យនៃក្រុមហ៊ុន UOB Kay Hian Pte បាននិយាយថា តម្លៃអចលនទ្រព្យនៅសិង្ហបុរី នឹងកើនឡើងចន្លោះពី5% ទៅ10% នៅឆ្នាំបន្ទាប់ ក្រោយពីការធ្លាក់ចុះយ៉ាងច្រើនក្នុងឆ្នាំ2017។ នាដើមខែតុលានេះស្ថាប័ន Morgan Stanley បានឱ្យដឹងថា តម្លៃផ្ទះនឹងឡើង2% វិញនៅក្នុងឆ្នាំនេះ ហើយវានឹងបន្តឡើង10%ទៀតនៅចុងឆ្នាំ2018 ខាងមុខ ដែលនេះអាចនិយាយថា មាននិន្នាការកើនឡើងខ្ពស់ជាងអ្វីដែលគេរំពឹងទុកពីមុន។
លោក Pandey និយាយថា៖“យើងមើលឃើញនូវការរើបឡើងវិញថ្មីៗ ដែលរីករាលដាលទៅដល់ផ្នែកឈ្មួញកណ្តាល និងអ្នកប្រើប្រាស់ចុងក្រោយ។ លោកបន្ថែមថា កិច្ចសន្យាអភិវឌ្ឍន៍ឡើងវិញ ដែលមានទាំងម្ចាស់ផ្ទះលក់អាផាតមិនក្នុងអគារចាស់ៗទៅឱ្យអ្នកអភិវឌ្ឍន៍ មានតម្លៃរហូតដល់ 2.2ប៊ីលានដុល្លារនៅក្នុងឆ្នាំនេះ គឺលើសតម្លៃអន្តរកាលមធ្យម ក្នុងរយៈពេល4ឆ្នាំមុន។ ការទទួលបានលុយពីការលក់គម្រោងអភិវឌ្ឍន៍ឡើងវិញទាំងនេះ អ្នកទិញនឹងបង្កើនតម្រូវការពីឈ្មួញកណ្តាលទៅកាន់អ្នកប្រើប្រាស់ចុងក្រោយ។
លោកនិយាយថា ការបញ្ជាទិញពីសំណាក់ជនបរទេសរំពឹងថានឹងកើនឡើង បើទោះបីការបង់ពន្ធបន្ថែមរហូតដល់15%លើការទិញលក់ អចលនទ្រព្យក៏ដោយ។ ការកម្រិតតម្លៃពន្ធចំពោះជនបរទេសកំពុងបង្កើតឱ្យមានការអំពាវនាវជាប្រព័ន្ធសម្រាប់វិស័យអចលនទ្រព្យនៅសិង្ហបុរី៕