(កាតា)- ការលោតផ្ដេកខ្លួនទាត់បាល់បញ្ចូលទីក្នុងការប្រកួតដែល ប្រេស៊ីល ឈ្នះ ស៊ែប៊ី 2-0 ត្រូវបានជ្រើសរើសជាឈុតស៊ុតបញ្ចូលទីល្អបំផុតនៅ World Cup 2022 ដែលទើបតែបានបញ្ចប់នៅ កាតា កាលពីថ្ងៃទី 18 ធ្នូ 2022។
កាលពីថ្ងៃទី 23 ធ្នូ FIFA បានប្រកាសថា Richarlison របស់ ក្រុមជម្រើសជាតិប្រេស៊ីល គឺជាអ្នកទទួលបាន«ពានរង្វាន់ស៊ុតបញ្ចូលទីល្អបំផុត» នៅ World Cup 2022។ ឈុតស៊ុតបាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល នៅក្នុងជុំដំបូងក្នុងពូល G ដែល ស៊ែប៊ី បានចាញ់ 2-0 កាលពីថ្ងៃទី 24 វិច្ឆិកា 2022 ទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេបង្អស់នៅក្នុងការបោះឆ្នោតជ្រើសរើសលើគេហទំព័ររបស់ FIFA។
Richarlison ស៊ុតបញ្ចូលទីដោយប្រើប្រាស់បច្ចេកទេសល្អបំផុតនៅពេលទទួលគ្រាប់បាល់ពីស្លាបខាងឆ្វេងរបស់ Vinicius នៅនាទីទី 73។ បន្ទាប់ពីការទទួលបាល់ ខ្សែប្រយុទ្ធរបស់ក្លឹប Tottenham នេះ ក៏បានលោតឡើង ផ្ដេកខ្លួនទាត់បាល់នៅកណ្ដាលកីឡាករ 3 នាក់របស់ ស៊ែប៊ី។ Richarlison ក៏ជាកីឡាករដែលរកបានគ្រាប់បាល់ឈ្នះដំបូងនៅនាទីទី 62 ផងដែរ។
យោងតាមសារព័ត៌មាន Sun ឈុតទាត់បាល់បញ្ចូលទីដ៏ស្អាតរបស់ Richarlison ក៏អាចនឹងទទួលបានពានរង្វាន់ Puskas សម្រាប់ឆ្នាំ 2022។ FIFA នឹងប្រកាសលទ្ធផលនៅក្នុងពិធីប្រគល់ពាន់រង្វាន់នានានៅដើមឆ្នាំ 2023។
Richarlison ធ្លាប់លេង 5 រដូវកាលនៅ English Premier League, ស៊ុតបញ្ចូលទីបាន 53 គ្រាប់នៅក្នុង 152 ប្រកួតសម្រាប់ Watford និង Everton។ ចាប់ពីដើមរដូវកាល 2022-2023 ខ្សែប្រយុទ្ធវ័យ 25 ឆ្នាំរូបនេះ ទើបតែរកបាន 2 គ្រាប់ក្នុង 15 ប្រកួត សម្រាប់ Tottenham៕