នៅពេលមនុស្សកំពុងឆ្ពោះទៅរកអនាគតដែលទីផ្សារត្រូវបានគ្រប់គ្រងដោយរថយន្តអគ្គិសនី ការប្រឹងប្រែងក្នុងការអភិវឌ្ឍ និងបង្ហាញប្រព័ន្ធបញ្ចូលថាមពលអគ្គិសនីដោយមិនប្រើខ្សែនៅលើដងផ្លូវ ក៏កំពុងតែកើនឡើង។
ពេលនេះ បណ្ដាញផ្លូវល្បឿនលឿន Autobahn ដ៏ល្បីឈ្មោះនៅ ប្រទេសអាល្លឺម៉ង់ នឹងត្រូវបានបំពាក់ប្រព័ន្ធបញ្ចូលថាមពលអគ្គិសនីគ្មានខ្សែ ដែលដំណាក់កាលដំបូងនឹងផ្ដោតទៅលើរថយន្តក្រុងសាធារណៈ ដែលដឹកអ្នកដំណើរទៅកាន់ទីក្រុង Balingen។
បច្ចេកវិទ្យានេះនឹងផ្គត់ផ្គង់ដោយក្រុមហ៊ុន Electreon របស់ អ៊ីស្រាអែល ដែលកំពុងសហការជាមួយ EnBW របស់ អាល្លឺម៉ង់។ Electreon នឹងដាក់ពង្រាយបណ្ដាញផ្លូវអគ្គិសនី (ERS) ប្រវែង 1 គីឡូម៉ែត្រ អមតាមផ្លូវមួយកំណាត់របស់ផ្លូវល្បឿនលឿន Autobahn ដើម្បីផ្គត់ផ្គង់អគ្គិសនីគ្មានខ្សែនៅពេលរថយន្តក្រុងកំពុងធ្វើដំណើរ។ ផ្លូវ Autobahn ក៏នឹងមានស្ថានីយបញ្ចូលថាមពលអគ្គិសនី 2 កន្លែងផងដែរ។
គម្រោងខាងលើនេះត្រូវបានកំណត់បន្ទាប់ពីគម្រោងសាកល្បងមួយរបស់ក្រុមហ៊ុនទាំងពីរ នៅ Karlsruhe របស់ អាល្លឺម៉ង់ ទទួលបានជោគជ័យ។ ក្រុមហ៊ុនអ៊ីស្រាអែល ក៏បានដំណើរការគម្រោងបញ្ចូលថាមពលអគ្គិសនីគ្មានខ្សែនៅ អ៊ីតាលី និង ស៊ុយអែត ផងដែរ៕