ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បោះផ្សាយលក់មូលបត្របំណុលជាសាធារណៈជាលើកទីពីរ ដោយគ្រោងចុះបញ្ជីនៅថ្ងៃចុងខែធ្នូ នៅផ្សារមូលបត្រកម្ពុជា។
យោងតាមខ្លឹមសារក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 22 ធ្នូ 2022 ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក (Royal Railways (Cambodia)) ប្រកាសបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ដែលមានតម្លៃ 24 លានដុល្លារអាមេរិកបន្ថែមទៀត ដែលគ្រោងនឹងចុះបញ្ជីនៅថ្ងៃទី 29 ធ្នូ 2022។
នេះគឺជាលើកទីពីរហើយដែល រ៉ូយ៉ាល់ រេលវេ ប្រកាសប្រមូលទុនតាមរយៈការលក់មូលបត្របំណុល បន្ទាប់ពីបានបោះផ្សាយលើកដំបូងក្នុងទំហំទឹកប្រាក់សរុបប្រមាណ 10 លានដុល្លារអាមេរិក កាលពីថ្ងៃទី 31 តុលា 2022។
រ៉ូយ៉ាល់ រេលវេ បានគឺជាក្រុមហ៊ុនដែលបោះផ្សាយសញ្ញាបណ្ណ ឬមូលបត្របំណុលផ្នែកហេដ្ឋារចនាសម្ព័ន្ធដំបូងគេបង្អស់នៅ កម្ពុជា និងជាក្រុមហ៊ុនទី 8 ដែលបានចុះបញ្ជីប្រមូលទុននៅផ្សារមូលបត្រកម្ពុជា។ ការបោះផ្សាយលក់មូលបត្របំណុលលើកនេះរបស់ រ៉ូយ៉ាល់ រេលវេ អាចជាការប្រមូលទុនចុងក្រោយនៅផ្សារមូលបត្រកម្ពុជា សម្រាប់ឆ្នាំ 2022 នេះបើតាម ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា។
រ៉ូយ៉ាល់ រេលវេ ម.ក ជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមរថភ្លើងនៅ កម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាលក្រុប (Royal Group) ដែលមាន អ្នកអុកញ៉ា គិត ម៉េង ជាប្រធាន៕