ក្រុមហ៊ុនមួយនៅ ប្រទេសអេហ្ស៊ីប ទើបតែបានបង្ហាញ MetaTut ដែលជាទីក្រុងនិម្មិតដំបូងរបស់ប្រទេសនេះនៅក្នុងចក្រវាលនិយម Metaverse។
គម្រោងនេះត្រូវបានបង្កើតឡើងក្នុងបំណងរម្លឹកខួប 100 ឆ្នាំនៃការរកឃើញចេតិយតម្កល់ព្រះសពរបស់មហាក្សត្រ Tutankhamun។
គំនិតស្ដីពីទីក្រុងនិម្មិតខាងលើគឺយោងទៅតាមការសន្មត់ដោយការប្រឌិតថា ស្ដេច Tutankhamun មានព្រះជន្មឡើងវិញនៅឆ្នាំ 2022 ដើម្បីសម្រេចនូវអ្វីដែលទ្រង់ប្រាថ្នាចង់បាននៅ អេហ្ស៊ីប។
ក្នុងទីក្រុងនិម្មិត MetaTut ភ្ញៀវអាចដើរទស្សនាក្នុងដំណើរឆ្លងពេលវេលា និងទីកន្លែង ស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ អេហ្ស៊ីប ហើយអាចលេងកម្សាន្ត ក៏ដូចជាធ្វើអន្តរកម្មជាមួយអ្នកដទៃនៅក្នុងបរិយាកាសនិម្មិត។
បច្ចុប្បន្ន MetaTut បានដាក់ឱ្យទស្សនាទីតាំងចំនួន 4 រួមមាន ជ្រលងភ្នំរបស់មហាក្សត្រនានា បន្ទប់ព្រះអាទិត្យ រាជវាំង Akhenaton និងបន្ទប់តន្ត្រី។
ក្រៅពីឧបករណ៍បង្ហាញទិដ្ឋភាពនិម្មិត (virtual reality device) MetaTut ក៏អាចត្រូវបានចូលទស្សនាតាមរយៈកុំព្យូទ័រ ឬទូរស័ព្ទឆ្លាតវៃផងដែរ៕