គ្រូបង្វឹក Keisuke Honda ឱ្យដឹងថា គាត់ត្រូវបានគេរំខានដំណេកដោយការស៊ីញូទូរស័ព្ទកាលពីវេលាទៀបភ្លឺថ្ងៃទី 22 ធ្នូ មួយថ្ងៃមុនការប្រកួតរវាង កម្ពុជា និង ឥណ្ឌូណេស៊ី ក្នុងជុំទីពីររបស់ពូល A នៅ AFF Cup 2022។
លោក Keisuke Honda បង្ហោះសារនៅលើ Twitter ថា គាត់បានទទួលទូរស័ព្ទពីរដងនៅក្នុងសណ្ឋាគារនៅវេលាទៀបភ្លឺ។ «ពេលនោះគឺម៉ោង 4 ទៀបភ្លឺ» គ្រូបង្វឹករបស់ក្រុមកម្ពុជា សរសេរដូច្នេះ។ «មុនពេលខ្ញុំលើកទូរស័ព្ទ ខ្សែម្ខាងទៀតក៏បានបិទ»។
អតីតកំពូលកីឡាករបាល់ទាត់ជប៉ុន រូបនេះ ទំនងជាចង់និយាយថា ក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី មានចេតនារំខានមុនការប្រកួត។ ទន្ទឹមនឹងនេះ គាត់ក៏បារម្ភថា កីឡាករកម្ពុជា ក៏អាចត្រូវបានគេរំខានដូច្នេះដែរ។ លោក Keisuke Honda បន្តថា «ខ្ញុំនឹងនិយាយជាមួយកីឡាករអំពីវិធីសាស្ត្រទប់ទល់មួយចំនួន»។
យោងតាមអតីតកីឡាកររបស់ AC Milan រូបនេះ ករណីបែបនេះនៅតែកើតឡើងនៅមុនពេលមានការប្រកួតសំខាន់។ កម្ពុជា នឹងត្រូវប៉ះ ក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៅវេលាម៉ោង 16 និង 30 នាទី ថ្ងៃទី 23 ធ្នូ 2022។
កម្ពុជា បានចាប់ផ្ដើមប្រកួតនៅ AFF Cup 2022 (AFF Mitsubishi Electric Cup) យ៉ាងរលូន តាមរយៈជ័យជម្នះ 3-2 លើ ហ្វ៊ីលីពីន ក្នុងការប្រកួតជុំដំបូង។ ចំណែកការប្រកួតនៅរសៀលថ្ងៃទី 23 ធ្នូ ជាមួយ កម្ពុជា ទើបជាការចាប់ផ្ដើមដំបូងរបស់ ឥណ្ឌូណេស៊ី។ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី សង្ឃឹមថា នឹងដណ្ដើមបានតំណែងជើងឯក AFF Cup លើកនេះ។
គ្រូបង្វឹករបស់ កម្ពុជា ឱ្យដឹងថា «ការប្រកួតនេះពិតជាសំខាន់ខ្លាំងណាស់ ហើយបង្កប់ដោយការលំបាក ភាពតានតឹង។ យើងនឹងត្រៀមឱ្យបានល្អបំផុតសម្រាប់ការប៉ះគ្នានេះ»។ ជាក់ស្ដែង ក្នុងការប្រកួត 17 លើកកន្លងមក ឥណ្ឌូណេស៊ី ឈ្នះ 16 ប្រកួត និងស្មើ 1 ប្រកួត។ នៅ AFF Cup 2021 ឥណ្ឌូណេស៊ី បានឈ្នះ កម្ពុជា 4-2។
AFF Cup 2022 គឺជារដូវកាលទីបីបន្តបន្ទាប់ដែល Honda ធ្វើការជាមួយក្រុមជម្រើសជាតិកម្ពុជា។ មុនការប្រកួត គ្រូបង្វឹកជនជាតិជប៉ុនរូបនេះក៏ធ្លាប់បានរិះគន់ថា កាលបរិច្ឆេទប្រកួតរបស់ កម្ពុជា គឺជាអម្រែកធ្ងន់ ហើយការប្រកួត 3 ថ្ងៃម្ដងគឺជារឿងមិនសមស្រប។
គ្រូបង្វឹក Keisuke Honda កើតឆ្នាំ 1986 ធ្លាប់ចូលរួមប្រកួតនៅ World Cup ចំនួន 3 លើក ចាប់ពីឆ្នាំ 2010 និង 2018 និងធ្លាប់ដឹកនាំក្រុមជម្រើសជាតិដណ្ដើមបានតំណែងជើងឯក Asian Cup 2021។ លោក Honda ក៏ធ្លាប់ធ្វើឱ្យមានការសាទរនៅពេលប្រកួតឱ្យ CSKA Moscow (រុស្ស៊ី) និង AC Milan (អ៊ីតាលី) នៅ អឺរ៉ុប ផងដែរ។ ឆ្នាំ 2018 លោក Honda បានសម្រេចចិត្តធ្វើការជាមួយកម្ពុជា ដើម្បីជួយដល់វិស័យបាល់ទាត់នៅទីនេះ៕