កញ្ចប់ដេញថ្លៃសម្រាប់ការស្ថាបនាស្ថានីយអ្នកដំណើរដែលមានតម្លៃ 35 ទ្រីលានដុង ត្រូវបានលុបចោល ធ្វើឱ្យវឌ្ឍនភាពនៃគម្រោងអាកាសយានដ្ឋានធំជាងគេរបស់ ប្រទេសវៀតណាម មានហានិភ័យត្រូវយឺតយ៉ាវ ធៀបនឹងផែនការដំបូង។
គម្រោងអាកាសយានដ្ឋាន Long Thanh ដែលបានបើកការដ្ឋានកាលពីដើមឆ្នាំ 2021 និងគ្រោងសាងសង់រួចរាល់ដំណាក់កាលទីមួយនៅឆ្នាំ 2025 មកដល់បច្ចុប្បន្ន តំបន់សម្រាប់សាងសង់ស្ថានីយអ្នកដំណើរ (កញ្ចប់ដេញថ្លៃ 5.10) បានបញ្ចប់ការងារចាក់ដី ហើយអាចចាប់ផ្ដើមការសាងសង់ជំហានបន្ទាប់។ ប៉ុន្តែ សាជីវកម្មអាកាសចរណ៍វៀតណាម (ACV) ដែលជាម្ចាស់គម្រោង បានឱ្យដឹងថា កញ្ចប់ដេញថ្លៃ 5.10 ទាំងមូលមិនទាន់រកឃើញស្ថាប័នអនុវត្តគម្រោង ហើយត្រូវលុបចោលដើម្បីដេញថ្លៃជាថ្មី។
យោងតាម ACV កញ្ចប់ 5.10 ដែលមានទុនវិនិយោគសរុបជាង 35 ទ្រីលានដុង (1,478 លានដុល្លារអាម៉េរិក) ត្រូវបានចាត់ទុកថាជាផ្នែកសំខាន់បំផុតរបស់គម្រោងស្ថាបនាអាកាសយានដ្ឋាន Long Thanh នៅក្នុងដំណាក់កាលទីមួយ។ កញ្ចប់ 5.10 នេះគ្រោងនឹងអនុវត្តក្នុងរយៈពេល 33 ខែ រាប់ពីពេលកិច្ចសន្យាចាប់ផ្ដើមមានសុពលភាព។ ម្ចាស់គម្រោងបានអញ្ជើញស្ថាប័នពាក់ព័ន្ធមកដេញថ្លៃចាប់ពីថ្ងៃទី 24 កញ្ញា ប៉ុន្តែឯកសារដែលបានបញ្ជូនមកសុទ្ធតែមិនអាចឆ្លើយតបនឹងតម្រូវការរបស់គម្រោង។
លោក Do Tat Binh អគ្គនាយករងរបស់ ACV ដែលជាប្រធានគណៈគ្រប់គ្រងគម្រោងអាកាសយានដ្ឋាន Long Thanh បញ្ជាក់ថា កញ្ចប់ 5.10 ត្រូវដេញថ្លៃជាថ្មី ធ្វើឱ្យវឌ្ឍនភាពរួមរបស់គម្រោងត្រូវយឺតយ៉ាវធៀបនឹងផែនការដែលបានកំណត់។ ACV មិនទាន់លើកឡើងច្បាស់អំពីភាពយឺតយ៉ាវនេះនៅឡើយ ប៉ុន្តែថានឹងដេញថ្លៃឡើងវិញក្នុងខែធ្នូ ឬដើមឆ្នាំក្រោយ។
គម្រោងអាកាសយានដ្ឋាន Long Thanh មានទុនវិនិយោគសរុបប្រហែល 336.63 ទ្រីលានដុង (ជាង 14.2 ពាន់លានដុល្លារអាម៉េរិក) និងចែកចេញជា 3 ដំណាក់កាល ក្នុងនោះ ដំណាក់កាលទីមួយ ក្រោយដាក់ឱ្យដំណើរការនឹងអាចទទួលភ្ញៀវបាន 25 លាននាក់/ឆ្នាំ ខណៈដែលដំណាក់កាលទីពីរនឹងអាចទទួលបាន 50 លាននាក់/ឆ្នាំ និងដំណាក់កាលទីបី អាចទទួលបាន 100 លាននាក់/ឆ្នាំ៕