សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាមូលនិធិរបស់ ធនាគារពិភពលោក (WB) សម្រាប់ជួយដល់ប្រទេសក្រីក្រ ផ្តល់ឥណទានចំនួន 274 លានដុល្លារអាមេរិកបន្ថែមទៀតដល់ កម្ពុជា ដើម្បីចូលរួមស្តារសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ និងវិបត្តិអតិផរណា។
សេចក្តីប្រកាសពត៌មានរបស់ធនាគារពិភពលោកកាលពីថ្ងៃទី 20 ធ្នូ 2022 បានឱ្យដឹងថា ឥណទាន នេះគឺជាការបន្ថែមទៅលើហិរញ្ញប្បទាន 200 លានដុល្លារអាមេរិក ដែល WB ធ្លាប់បានផ្តល់ឱ្យ កម្ពុជា កាលពីឆ្នាំកន្លង។
ការសម្រេចចិត្តខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានទិន្នន័យបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ កម្ពុជា បានធ្លាក់ចុះដល់ -3.1% ក្នុងឆ្នាំ 2020 ដែលជាការធ្លាក់ចុះដ៏ខ្លាំងជាងគេក្នុងរយៈពេល 30 ឆ្នាំចុងក្រោយនេះ ដោយសារតែកូវីដ-19។ មិនត្រឹមតែរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតសកលនោះទេ ប៉ុន្តែ សេដ្ឋកិច្ចកម្ពុជា ក៏រងឥទ្ធិពលអវិជ្ជមានពីសង្គ្រាមនៅ អ៊ុយក្រែន ផងដែរ នេះបើតាម WB។
ការថយចុះនៃកំណើនសេដ្ឋកិច្ចខាងលើ បាននាំឱ្យអត្រានៃភាពក្រីក្រនៅ កម្ពុជា កើនឡើងចំនួន 2.8% ដោយមនុស្សប្រហែល 4.6 សែននាក់ ត្រូវធ្លាក់ទៅក្នុងភាពក្រីក្រជាថ្មី។
យោងតាម WB ឥណទានថ្មីនេះ នឹងជួយលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ លទ្ធភាពនៃការប្រកួតប្រជែង សម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាជួយដល់គ្រួសាររងគ្រោះបានទាន់ពេលវេលាផងដែរ៕