គម្រោងជំនួយតម្លៃ 28 ពាន់លានអឺរ៉ូ របស់ អាល្លឺម៉ង់ មានបំណងផលិតអគ្គិសនី 80% ពីបណ្ដាប្រភពកកើតឡើងវិញចាប់ពីឆ្នាំ 2030។
គណៈកម្មការអឺរ៉ុប (EC) កាលពីថ្ងៃទី 21 ធ្នូ ប្រកាសថា ស្ថាប័ននេះបានអនុម័តគម្រោងដែលមានតម្លៃ 28 ពាន់លានអឺរ៉ូ (29.69 ពាន់លានដុល្លារអាម៉េរិក) របស់ រដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីផ្ដល់ជំនួយដល់បណ្ដាគម្រោងថាមពលកកើតឡើងវិញ ក្នុងបំណងពង្រឹងការពង្រីកការប្រើប្រាស់ថាមពលខ្យល់ និងថាមពលព្រះអាទិត្យ។
គម្រោងនេះនឹងអូសបន្លាយរហូតដល់ឆ្នាំ 2026 ជាមួយនឹងគោលដៅផលិតអគ្គិសនី 80% ពីបណ្ដាប្រភពថាមពលកកើតឡើងវិញ ចាប់ពីឆ្នាំ 2030។ EC ឱ្យដឹងថា គម្រោងនេះគឺចាំបាច់ និងសមស្របដើម្បីជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ក៏ដូចជាការកាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់ដែលកំពុងធ្វើឱ្យផែនដីឡើងកម្ដៅជាបន្តបន្ទាប់។
គម្រោងខាងលើក៏នឹងរួមចំណែកក្នុងការជួយឱ្យ អាល្លឺម៉ង់ សម្រេចបានគោលដៅលុបបំបាត់ឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ 2045 និងជួយដោះស្រាយបញ្ហាខ្វះថាមពលនៅប្រទេសនេះ ដែលកើតឡើងដោយសារតែសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន៕