ក្នុងរយៈពេលជិត 30 ឆ្នាំកន្លង មហាសេដ្ឋីអាម៉េរិក Bill Gates មិនធ្លាប់មានការបារម្ភអំពីការគ្រប់គ្រងប្រាក់យ៉ាងច្រើនរបស់គាត់ ហើយថែមទាំង «អង្គុយកេះក្រចកដៃ» ក៏នៅតែមានឡើងៗ។
លោក Bill Gates គឺជាមហាសេដ្ឋីដែលទំនងជាល្បីឈ្មោះខ្លាំងបំផុតនៅជ្រលង Silicon មិនត្រឹមតែក្នុងនាមជាសហស្ថាបនិក និងជាអតីត CEO របស់ Microsoft នោះទេ ប៉ុន្តែ ក៏ព្រោះតែការរួមចំណែករបស់គាត់នៅក្នុងសកម្មភាពមនុស្សធម៌។
បច្ចុប្បន្ន មហាសេដ្ឋី Bill Gates មានទ្រព្យប្រមាណ 111 ពាន់លានដុល្លារអាម៉េរិក និងជាអ្នកមានជាងគេលំដាប់ទី 4 ក្នុងពិភពលោក។ បើទោះបានបរិច្ចាគប្រាក់រាប់សិបពាន់លានដុល្លារ ប៉ុន្តែ សប្បុរសជនវ័យ 67 ឆ្នាំរូបនេះ នៅតែអាចរក្សាបាននូវភាពមានបានដដែល។ ជាក់ស្ដែង ក្នុងរយៈពេលជិត 30 ឆ្នាំកន្លង មហាសេដ្ឋីអាម៉េរិក Bill Gates មិនធ្លាប់មានការបារម្ភអំពីការគ្រប់គ្រងប្រាក់ដ៏សម្បើមរបស់គាត់ ហើយថែមទាំង «អង្គុយកេះក្រចកដៃ» ក៏នៅតែមានឡើងៗ។
Cascade គឺជា «អាវុធ» រកប្រាក់ដ៏សម្ងាត់របស់ Bill Gates
ទាំងអស់ស្ថិតនៅលើ «អាវុធ» សម្ងាត់មានឈ្មោះថា Cascade Investment ជាមូលនិធិឯកជនដែលលោក Gates បានបង្កើតឡើងកាលពីឆ្នាំ 1995 និងប្រគល់ឱ្យ Michael Larson ជាអ្នកគ្រប់គ្រង។
Larson ត្រូវបានចាត់ទុកថាជាបុគ្គលម្នាក់ក្នុងចំណោមបុរសមានអំណាច និងស្ងាត់ស្ងៀមបំផុតក្នុងស្រទាប់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិនៅ សហរដ្ឋអាម៉េរិក។ ដោយសារ Larson និងមួយផ្នែកដោយសារតម្លៃភាគហ៊ុនរបស់ Microsoft កើនឡើងខ្ពស់ ទ្រព្យសម្បត្តិរបស់លោក Gates ក៏បានកើនពី 5 ពាន់លានដុល្លារ ឡើងដល់ជាង 100 ពាន់លានដុល្លារអាម៉េរិក។
ដោយសារតែ Cascade មិនមែនជាក្រុមហ៊ុនមហាជន និងស្ងាត់ស្ងៀម ដូច្នេះពិបាកក្នុងការដឹងបានអំពីខ្ទង់វិនិយោគសំខាន់ៗរបស់ពួកគេ។ ប៉ុន្តែ យោងតាម Wall Street Journal លោក Larson បានវិនិយោគប្រាក់របស់លោក Gates ទៅលើដីកសិកម្ម សណ្ឋាគារ មូលបត្រ និងទីតាំងកីឡាជាដើម។
Cascade វិនិយោគទៅលើសណ្ឋាគារ Four Seasons កាលពីឆ្នាំ 1997 ហើយបច្ចុប្បន្ន Gates មានភាគហ៊ុនជាង 71% នៅក្នុងក្រុមហ៊ុនដែលមានតម្លៃ 10 ពាន់លានដុល្លារនេះ។ នៅក្នុងក្រុមហ៊ុនគ្រប់គ្រងវត្ថុធាតុសំណល់ Republic Services តម្លៃ 40 ពាន់លានដុល្លារ លោក Gates កាន់កាប់ភាគហ៊ុនជាង 34%។ ក្រៅពីនេះ លោក Gates ក៏ជាភាគហ៊ុនិកធំជាងគេរបស់ក្រុមហ៊ុនខ្នាតយក្ស Ecolab ផងដែរ។
អំពីលោក Michael Larson
លោក Michael Larson កើតឆ្នាំ 1959 នៅ California សហរដ្ឋអាម៉េរិក។ ឆ្នាំអាយុ 16 ក្រោយពីបញ្ចប់ការសិក្សាកម្រិតទី 3 លោក Michael Larson ក៏បន្តរៀននៅសាកលវិទ្យាល័យ Claremont McKenna ផ្នែកហិរញ្ញវត្ថុ។ អាយុ 21 ឆ្នាំ គាត់បញ្ចប់ថ្នាក់អនុបណ្ឌិតពាណិជ្ជកម្មនៅ សាកលវិទ្យាល័យ Chicago។
ក្រោយមក Larson ធ្វើការក្នុងផ្នែកទិញដូរក្រុមហ៊ុនរបស់ ARCO មុនពេលងាកទៅធ្វើការឱ្យមូលនិធិវិនិយោគ Putman និងបង្កើតក្រុមហ៊ុនវិនិយោគផ្ទាល់ខ្លួន។ ឆ្នាំ 1994 Larson ក៏បានទទួលយកការអញ្ជើញឱ្យចូលធ្វើការឱ្យលោក Bill Gates ដែលកាលណោះគឺជាអ្នកមានជាងគេបង្អស់លើពិភពលោក។ លោក Larson ទទួលបានការជឿជាក់ពីលោក Gates និងទទួលបានសិទ្ធិមួយភាគធំក្នុងការសម្រេចចិត្តលើគម្រោងវិនិយោគនានារបស់ Cascade។
បច្ចុប្បន្ន លោក Michael Larson នៅបន្តធ្វើជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាម៉េរិក Bill Gates៕