ប្រាក់រង្វាន់សម្រាប់តំណែងជើងឯក World Cup 2022 របស់ អាហ្សង់ទីន គឺ 42 លានដុល្លារអាម៉េរិក ប៉ុន្តែ ខ្ទង់ប្រាក់នេះនឹងត្រូវកាត់ប្រាក់ពិន័យ និងពន្ធផ្សេងៗមួយចំនួន។
អាហ្សង់ទីន ដណ្ដើមបានជ័យជម្នះលើ បារាំង ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ World Cup 2022 កាលពីថ្ងៃទី 18 ធ្នូ 2022 ដោយការប្រកួតទាត់បាល់ប៉េណាំងទី។ នេះជាលើកទីបីហើយដែល អាហ្សង់ទីន បានក្លាយជាជើងឯក World Cup និងរកបានប្រាក់រង្វាន់ 42 លានដុល្លារអាម៉េរិក ឱ្យ សហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA)។
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) នឹងផ្ទេរប្រាក់រង្វាន់ទៅ ឱ្យ AFA ក្នុងរង្វង់ 90 ថ្ងៃ ក្រោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពោលគឺប្រហែលពីពាក់កណ្ដាលខែមីនា ដល់ដើមខែមេសា ឆ្នាំ 2023។
ក៏ប៉ុន្តែ អាហ្សង់ទីន នឹងមិនទទួលបានប្រាក់រង្វាន់ពេញ 42 លានដុល្លារឡើយ ព្រោះ FIFA នឹងកាត់ពន្ធ និងការពិន័យចំពោះក្រុមបាល់ទាត់នេះ។ អាហ្សង់ទីន ទំនងជានឹងត្រូវពិន័យធ្ងន់ធ្ងរ ពិសេសគឺនៅក្រោយវគ្គ 1/8 ដែលត្រូវប៉ះនឹង ហូឡង់ ដោយសារតែមានការទះទង្គិចគ្នា ការជជែកតតាំង និងការប្រវាយប្រតប់គ្នា ធ្វើឱ្យអាជ្ញាកណ្ដាលត្រូវបញ្ចេញកាត់លឿងចំនួន 18 លើក។
ក្រុមមន្ត្រីបាល់ទាត់គណនីឃើញថា ទឹកប្រាក់ប្រហែល 4 លានដុល្លារនឹងត្រូវ FIFA កាត់ចេញពីប្រាក់រង្វាន់របស់ អាហ្សង់ទីន។
ប្រាក់ដែលនៅសល់នឹងត្រូវចែកឱ្យកីឡាករ និងសមាជិកក្រុមគ្រូបង្វឹក បន្ទាប់ពីបានបង់ពន្ធនានាទៅឱ្យ អាជ្ញាធរអាហ្សង់ទីន។ ក៏ប៉ុន្តែ AFA កំពុងតែជួបបញ្ហាទាក់ទងនឹងការប្ដូរប្រាក់ចែកឱ្យក្រុមជម្រើសជាតិ ព្រោះថា រូបិយបណ្ណរបស់ អាហ្សង់ទីន កំពុងធ្លាក់ថ្លៃ។
ក្រោយពីទទួលបានប្រាក់រង្វាន់ពី FIFA តាមច្បាប់របស់ អាហ្សង់ទីន ក្នុងរង្វង់ 5 ថ្ងៃ AFA ត្រូវតែប្ដូរប្រាក់ពីដុល្លារអាម៉េរិក ទៅជាប្រាក់ប៉េសូទៅតាមអត្រាប្ដូរប្រាក់ផ្លូវការ 172.7 ប៉េសូ/ដុល្លារអាម៉េរិក ស្មើនឹងពាក់កណ្ដាលធៀបនឹងអត្រាប្ដូរប្រាក់ដែលកំពុងត្រូវបានអនុវត្តជាក់ស្ដែងនៅក្នុងប្រទេសនេះ។ តម្លៃរបស់ប្រាក់ប៉េសូអាហ្សង់ទីន នៅលើទីផ្សារបច្ចុប្បន្នគឺ 324 ប៉េសូ/ដុល្លារអាម៉េរិក។
ក្រោយការកាត់ប្រាក់ពិន័យរបស់ FIFA ការប្ដូរប្រាក់ និងការបង់ពន្ធ 7.25% ជូនរដ្ឋ (អាហ្សង់ទីន) ប្រាក់រង្វាន់ដែលនៅសល់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន គឺប្រហែល 6.1 ពាន់លានប៉េសូ។
ប្រាក់ខាងលើនេះនឹងត្រូវយកទៅចែកឱ្យកីឡាករអាហ្សង់ទីន 26 នាក់ និងសមាជិក 6 នាក់នៅក្នុងក្រុមគ្រូបង្វឹក ប៉ុន្តែ អាចនឹងចែកឱ្យក្រុមជំនួយការផងដែរ។ បើសិនចែកស្មើឱ្យសមាជិក 32 នាក់របស់ក្រុម នោះម្នាក់ៗនឹងទទួលបានប្រហែល 190 លានប៉េសូ។
ក៏ប៉ុន្តែ 190 លានប៉េសូនេះនឹងត្រូវកាត់ពន្ធ 0.6% ដែលស្មើនឹង 1.1 លានប៉េសូ។ ពេលពួកគេដកប្រាក់ ខ្ទង់ប្រាក់ពន្ធនេះនឹងត្រូវអនុវត្តជាលើកទីពីរ ជួយឱ្យ រតនាគារជាតិអាហ្សង់ទីន រកបានសរុប 2.2 លានប៉េសូ ពីសមាជិកម្នាក់ៗរបស់ក្រុមជម្រើសជាតិ ចំណែកកីឡាករម្នាក់ៗទទួលបានប្រហែល 187.8 លានប៉េសូ ប្រហែលនឹង 1.08 លានដុល្លារអាម៉េរិក។ ប្រាក់រង្វាន់នេះទាបជាងប្រាក់បៀវត្សរ៍ 1.16 លានដុល្លារ/សប្ដាហ៍របស់ Lionel Messi នៅក្លឹប PSG របស់ បារាំង ទៅទៀត៕