កម្ពុជា និង UN បង្កើត​កម្មវិធី​រួមគ្នា​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​កម្ពុជា

ភ្នំពេញ៖ ដើម្បី​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​យុវជន​កម្ពុជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​កម្មវិធី «រួមគ្នា​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​កម្ពុជា»។

ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មានប្រសាសន៍ថា គណៈ​ប្រឹក្សា​ភិ​បាល​របស់​កម្មវិធី “រួមគ្នា​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​កម្ពុជា” ដែល​តទៅ​នឹង​ហៅថា “កម្មវិធី​រួមគ្នា” គឺជា​ក្រុមប្រឹក្សាភិបាល​នៃ​គម្រោង​នេះ និង​ផ្តល់​ការដឹកនាំ​ជា​យុទ្ធសាស្ត្រ ការត្រួតពិនិត្យ​ផ្នែក​អភិបាលកិច្ច និង​ការធានា​នូវ​សេចក្តី​ជឿទុកចិត្ត​គ្នា។ គណៈ​ប្រឹក្សា​ភិ​បាល​នឹង​ទទួលបាន​សិទ្ធិ​ប្រទាន​ពី​ម្ចាស់ជំនួយ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​នានា ដោយ​យោងតាម​គោលបំណង​អភិក្រម និង​វិសាលភាព​របស់​គម្រោង​ដូចដែល​បានកំណត់​នៅក្នុង​ឯកសារ​គម្រោង។

សមាជិក-សមាជិកា​គណៈ​ប្រឹក្សា​ភិ​បាល​រួមមាន​តំណាង​ជាន់ខ្ពស់​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​អប់រំ យុវជន និង​កីឡា ទីភ្នាក់ងារ​ស្វ៊ី​ស​ដើម្បី​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) អង្គការសហប្រជាជាតិ​ផ្នែក​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ (UNESCO) មូលនិធិ​សហប្រជាជាតិ​សម្រាប់​កុមារ (UNICEF) និង​កម្មវិធី​ស្ម័គ្រចិត្ត​សហប្រជាជាតិ (UNV) ព្រមទាំង​ក្រុមប្រឹក្សា​យោបល់​យុវជន​របស់​អង្គការសហប្រជាជាតិ (UNYAP)។

សូមបញ្ជាក់ថា កម្មវិធី​រួមគ្នា​របស់​អង្គការសហប្រជាជាតិ​ស្តីពី​មុខរបរ និង​ការងារ សម្រាប់​យុវជន​នៅ​កម្ពុជា​នេះ​នឹង​កាន់តែ​ជំរុញ​ដល់​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​គោលដៅ​នៃ​គោលនយោបាយ​ជាតិធំៗរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានដាក់​ចេញ​ដែល​កម្មវិធី​រួមគ្នា​នេះ ចាប់ផ្តើម​រយៈពេល2ឆ្នាំ ពី​ខែកញ្ញា ឆ្នាំ2017 ដល់​ខែសីហា ឆ្នាំ2019 គឺ​ដើម្បី​អភិវឌ្ឍ យុវជន និង​ស្ត្រី​វ័យក្មេង​កាន់តែ​ច្រើនឡើង​ទទួលបាន​ឱកាស​ការងារ​សមរម្យ និង​មាន​ផលិតភាព ហើយ​អ្វី​ដែលជា​ការរំពឹងទុក​ក្នុងការ​សម្រេច​ឱ្យបាន​គឺ

ទី1. យុវជន និង​ស្ត្រី​វ័យក្មេង​ទទួលបាន​ការអប់រំ​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ប្រកបដោយ​គុណភាព និង​ការស្ម័គ្រចិត្ត​ដើម្បី​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវ: និង​បច្ចេកទេស។

ទី2. យុវជន និង​ស្ត្រី​វ័យក្មេង​ទាំង​ក្នុង និង​ក្រៅ​សាលា​បានទទួល​ជំនាញ​អាជីវកម្ម និង​សហគ្រាស​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍ​សហគ្រាស​ប្រកបដោយ​និរន្តរភាព។

ទី3. យុវជន និង​ស្ត្រី​វ័យក្មេង​បានទទួល​អត្ថ​ប្រ​យោ​ជ​ន៏​ពី​ហានិភ័យ​នៃ​ការរំលោភបំពាន និង​ការរើសអើង​នៅ​កន្លែង​ការងារ៕

Leave a Comment