មនុស្សប្រហែល 100 នាក់បានចូលរួមទទួលបទពិសោធន៍នៃការធ្វើដំណើរតាម Metro 1 ដែលជាខ្សែរថភ្លើងក្នុងក្រុងដំបូងនៅ ទីក្រុងហូជីមិញ ក្នុងដំណើរការរត់សាកល្បងដំបូងកាលពីព្រឹកមិញ។
ខ្សែរថភ្លើងដែលមានទូចំនួន 3 ប្រវែងជាង 61 ម៉ែត្ររបស់គម្រោងផ្លូវដែកក្នុងក្រុង Metro 1 បានដំណើរការសាកល្បងដំបូងកាលពីព្រឹកថ្ងៃទី 21 ធ្នូ ដោយរត់ឆ្លងកាត់ស្ថានីយអ្នកដំណើរចំនួន 5 នៅលើផ្លូវដែកប្រវែងជិត 9 គីឡូម៉ែត្រ នៅក្នុងក្រុងព្រៃនគរ (ហូជីមិញ)។
ទូរថភ្លើងរបស់គម្រោងផ្លូវដែក Metro 1 ត្រូវបានផលិតនៅ ប្រទេសជប៉ុន អាចរត់បាន 110 គីឡូម៉ែត្រ/ម៉ោងសម្រាប់កំណាត់ផ្លូវលើទីខ្ពស់ និង 80 គីឡូម៉ែត្រ/ម៉ោងសម្រាប់កំណាត់ផ្លូវក្រោមដី។
Metro 1 គឺជាគម្រោងផ្លូវដែកក្នុងក្រុងដំបូងនៅ ព្រៃនគរ ដែលបានចាប់ផ្ដើមស្ថាបនាកាលពី 10 ឆ្នាំមុន និងត្រូវចំណាយប្រាក់ជាង 43,700 000 000 000 ដុង (ជាង 1.8 ពាន់លានដុល្លារអាម៉េរិក)។ គម្រោងនេះមានប្រវែងសរុបជិត 20 គីឡូម៉ែត្រ និងមានស្ថានីយចំនួន 14 ក្នុងនោះមាន 3 នៅក្រោមដី និង 11 នៅលើទីខ្ពស់។ បច្ចុប្បន្ន គម្រោងនេះបានសម្រេចជាង 93% ហើយបើតាមផែនការ វានឹងត្រូវស្ថាបនារួចរាល់ជាស្ថាពរនៅចុងឆ្នាំក្រោយ៕