ផ្លូវខេត្តពីរខ្សែគឺផ្លូវលេខ 146B និង 148 ដែលតភ្ជាប់ពីស្រុកព្រៃនប់ ឆ្លងកាត់ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី 22 ធ្នូ 2022 នេះបើតាម ក្រសួងសាធាណការ និងដឹកជញ្ជូន។
គម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះមានប្រវែងសរុបប្រមាណ 43.02 គីឡូម៉ែត្រ និងមានទទឹងតួផ្លូវ 11 ម៉ែត្រ។ យោងតាម ក្រសួងសាធារណការ ក្នុងគម្រោងនេះក៏មានសាងសង់សំណង់សិល្បការ្យផ្សេងៗដូចជា ស្ពានថ្មីចំ1 កន្លែង និងពង្រីកស្ពានចាស់ចំនួន 17 កន្លែង។ល។
ផ្លូវខេត្តទាំងពីរខ្សែនេះ នឹងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា។
គម្រោងដែលបានបើកការដ្ឋានសាងសង់កាលពីខែមេសា 2020 និងបានបញ្ចប់ជាស្ថាពរនៅខែសីហា 2022 ខាងលើ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងត្រូវចំណាយថវិកាជាង 76 លានដុល្លារអាម៉េរិក៕