Hazard សង្គ្រោះ Chelsea ខណៈ Man Utd រក្សា​កំណត់ត្រា​ឈ្នះ

តារា​ឆ្នើម Eden Hazard បាន​ជួយសង្គ្រោះ​ក្រុម Chelsea ក្រោយពី​ក្រុម​របស់លោក​បាន​ខ្ជះខ្ជាយ​គ្រាប់​បាល់​នាំមុខ2គ្រាប់ នៅពេល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 3-3 ជាមួយនឹង​ក្រុម Roma ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​ពុធ។

ក្រុម​របស់លោក Antonio Conte ហាក់ដូចជា​ត្រូវ​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅ​កាន់ការ​ដណ្តើមបាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​មួយនា​កីឡដ្ឋាន Stamford Bridge ទៅហើយ ក្រោយពី​បាន​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​តង់​ទី1ពី​សំណាក់​ខ្សែការពារ David Luiz និង​ខ្សែបម្រើ Hazard នា​កីឡដ្ឋាន Stamford Bridge។ ប៉ុន្តែ កីឡាករ Aleksandar Kolarov របស់ Roma បាន​វាយបក​មួយ​គ្រាប់​វិញ នៅ​មុនពេល​បញ្ចប់​តង់​ទី1 មុនពេល​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប Man City គឺ Edin Dzeko រកបាន 2គ្រាប់​ក្នុង​តង់​ទី2 ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់​ក្របខ័ណ្ឌ Serie A មួយ​នេះ​នាំមុខ​វិញ។

ប៉ុន្តែ Hazard បាន​សង្គ្រោះ​ក្រុម Chelsea ជាមួយនឹង​គ្រាប់​បាល់​តាម​ស្មើ​នៅពេល​ជិត​បញ្ចប់​ការប្រកួត។ Chelsea នៅតែ​ឈរលើ​លេខ1ក្នុង​ពូ​ល C ដោយ​នាំមុខ2ពិន្ទុ​ពីលើ​ក្រុម Roma ប៉ុន្តែ ការបង្ហាញ​ពី​ទម្រង់​លេង​នាពេលថ្មីៗនេះ នឹងធ្វើ​ការដាក់​តឿន​ដល់​ក្រុម​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League មួយ​នេះ។ លោក Antonio Conte អ្នកចាត់ការ​ទូទៅ​រប​ស់ Chelsea បាន​ឲ្យ​ដឹងថា៖ «វា​ពិតជា​យុត្តិធម៌​ហើយ។ វា​គឺជា​ការប្រកួត​ដ៏​លំបាក​មួយពេល​ជួប​ក្រុម​ខ្លាំង​មួយ។ ក្រៅពី​តង់​ទី1 យើង​បាន​ជួប​បញ្ហា។ ការបង្ហាញ​ពី​ទម្រង់​លេង​របស់​យើង​ល្អ ប៉ុន្តែ ពិតណាស់ បាល់ទាត់​របស់​យើង​មាន​ភាព​ផ្សេង​ជាង​ពីមុន​នៅថ្ងៃនេះ»។

ស្របពេល​ជាមួយគ្នានេះដែរ ក្រុម Manchester United បាន​រក្សា​កំណត់ត្រា​ឈ្នះ100ភាគរយ​របស់ខ្លួន​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូ​ល​នេះ ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Benfica ក្នុង​លទ្ធផល 1-០ ដើម្បី​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី3ពី​ការប្រកួត3លើក​ដែរ៕

ប្រភពពី៖ Sky Sports

Leave a Comment