បរុសគ្មានផ្ទះសំបែងម្នាក់នៅ រដ្ឋធានីរបស់ អាហ្សង់ទីន យំខ្សឹកខ្សួល នៅពេលកំលោះមួយក្រុមជូនអាវ Messi ដើម្បីចូលរួមអបអរក្រុមបាល់ទាត់ជម្រើសជាតិដែលដណ្ដើមបានពានរង្វាន់ជើងឯក World Cup 2022។
វីដេអូដែលត្រូវបានចែករំលែកលើបណ្ដាញសង្គមកាលពីថ្ងៃទី 19 ធ្នូ បង្ហាញថា កំលោះម្នាក់ពាក់អាវលេខ 10 របស់ខ្សែប្រយុទ្ធ Lionel Messi ឱបបុរសគ្មានផ្ទះសំបែងម្នាក់នៅលើដងផ្លូវក្នុង រដ្ឋធានីប៊ុយណូស៊ែ។ ក្រោយមក មានកំលោះម្នាក់ទៀតចូលមកក្បែរ ដោះអាវកីឡាលេខ 10 ដែលកំពុងពាក់ ជូនទៅបុរសនោះ និងឱបដោយក្ដីអាណិតអាសូរ។
បុរសគ្មានផ្ទះសំបែងនោះឱនក្បាលសម្ដែងការអរគុណ ហើយក៏កាន់ថើបអាវ យំ និងចាប់ផ្ដើមពាក់អាវថ្មីនោះ។ គាត់លុតជង្គង់លើផ្លូវបណ្ដើរ យំបណ្ដើរ និងសំពះ ធ្វើកាយវិការជាឈើឆ្កាង បង្ហាញការបួងសួងជូនពរ។ កំលោះម្នាក់ផ្សេងទៀតក៏បានចូលមកឱបបុរសនោះ ខណៈដែលមនុស្សនៅជុំវិញស្រែកហ៊ោអបអរសាទរ។
វីដេអូនេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានការរំភើប រំជួលចិត្ត។ អ្នកខ្លះថា ប្រហែលជាយូរមកហើយដែលគាត់មានអារម្មណ៍ថា មិនអាចចូលរួមបរិយាកាសសប្បាយរីករាយក្នុងសង្គមនឹងគេ។
«ជួយឱ្យគាត់បានចូលរួមក្នុងព្រឹត្តិការណ៍អបអរសាទរផង មិនដូច្នេះទេ គាត់នឹងក្លាយជាមនុស្សនៅក្រៅព្រឹត្តិការណ៍នៅលើទឹកដីរបស់ខ្លួន» អ្នកលេងបណ្ដាញសង្គមម្នាក់សរសេរដូច្នេះ។
អាហ្សង់ទីន ដណ្ដើមបានតំណែងជើងឯក World Cup 2022 ក្នុងគ្រាប្រទេសនេះប្រឈមនឹងស្ថានភាពសេដ្ឋកិច្ចលំបាក។ អង្គការមនុស្សធម៌ Habitat for Humanity គណនាឃើញថា ប្រជាជនអាហ្សង់ទីន ជាង 40% កំពុងរស់នៅក្នុងភាពក្រីក្រ។ រូបភាពអ្នកគ្មានផ្ទះសំបែង ឬអ្នកដើរលក់ទំនិញតាមដងផ្លូវគឺជារូបភាពដែលគេមើលឃើញរាល់ថ្ងៃនៅក្នុង រដ្ឋធានីប៊ុយណូស៊ែរ និងបណ្ដាទីក្រុងដទៃទៀតរបស់ អាហ្សង់ទីន៕